ប្រជាសហគមន៍ស្រុកកែវសីមា អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បន្តជួយពីជំនាញធ្វើសិប្បកម្មឫស្សី ឱ្យធានាគុណភាពផលិតផលនិងតម្លៃទីផ្សារ
ខេត្តមណ្ឌលគិរី៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បន្តជួយប្រជាសហគមន៍ស្រុកកែវសីមា ពីជំនាញធ្វើសិប្បកម្មឫស្សី ឱ្យធានាគុណភាពផលិតផលនិងតម្លៃទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ។
លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ នៃកម្មវិធីប្រទេសកម្ពុជា ហៅកាត់ថា (WCS) បានមានប្រសាសន៍ប្រាប់ថា តាមការសង្កេតមើល មានប្រជាសហគមន៍ប្រមាណជា ៦០ ទៅ ៧០ភាគរយ មានថ្វីដៃអាចផលិតបានហើយ ប៉ុន្តែមិនទាន់ល្អឥតខ្ចោះ ដោយក្រុមការងារជំនាញអាចពង្រឹងស្នាដៃនិងគុណភាពរបស់ពួកគាត់បន្តទៅមុខទៀតបាន ។
លោកបានបន្តថា ការកែលម្អគុណភាព និងសោភ័ណភាពនេះ គឺឆ្លើយតបទៅនឹងការបញ្ជាទិញ ពីភ្នាក់ងារទេសចរណ៍ ហាងលក់វត្ថុអនុស្សាវរីយ៍ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន។
លោកបានបន្ថែមទៀតថា ការផលិតគឺមានការលំបាក និងមិនទាន់ល្អឥតខ្ចោះ ដោយត្រូវការចំហុយឫស្សីមុននឹងយកទៅធ្វើការកែច្នៃ ការដាក់ មុខតំណ ការលាបថ្នាំ និងបញ្ហាដុះផ្សិតទៅលើផលិតផលមួយចំនួន ព្រោះនៅពេលដែលយើងទុកចោលពេលមានសំណើម ដោយសារតែមិនប្រើប្រាស់សារធាតុគីមី ដើម្បីរំងាប់ពពួកបាក់តេរីផ្សេងៗនោះ ។
«អ៊ីចឹងហើយបានយើងត្រូវការ ណែនាំពួកគាត់បន្ថែមសម្របសម្រួលពង្រឹងសមត្ថភាពបន្ថែមលើការងារនេះ ភាពជាម្ចាស់ការសម្រាប់ផលិតផល កម្រិតមួយលក្ខណៈទូទៅគឺមិនមែនជាបញ្ហាទេ គឺពួកគាត់ឯករាជ្យអាចធ្វើបាន អ្វីដែលជាគោលដៅ សំខាន់របស់គម្រោងយើងចង់ឱ្យគាត់ មានជំនាញ ទេពកោសល្យនិងផលិតផល ប្រកបរដោយតម្លៃសមរម្យ គុណភាពល្អប្រសើរ ដែលជាការទាក់ទាញ ដែលជាផលិតផលមួយតំណាងឱ្យសហគមន៍របស់គាត់តែម្តងគឺមិនទាន់សម្រេចបាននៅឡើយទេ ដែលត្រូវការជួយជ្រោមជ្រែងបន្ថែមទៀត »។
លោកបានដឹងថា ចំពោះតម្លៃវិញ គឺមិនទាន់មានការកែសម្រួលទេ ដោយសារតែជាការសម្រេចរបស់សហគមន៍ ព្រោះតម្លៃមិនជាថ្លៃនោះទេ តែមិនទាន់ឆ្លើយតបគុណភាពក្នុងការកែលម្អនេះ។ លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះប្រជាសហគមន៍អាចផលិតសម្ភារៈលក់បាន មានដូចជា ប៉ាន់តែឈុត កាទឹកមានគម្រប កែវ ប្រអប់ដាក់ក្រដាស់ជូតមាត់ កាទឹកធំ កែវទៀនក្រអូប ស្មាព្យួអាវ បំពង សម្លេងទូរស័ព្ទ កាទឹកតូច ពែង បំពង់ដាក់ប៊ិចខ្មៅដៃ សម្ភារៈផ្ទះបាយ ថូផ្កា ជាដើម ។
សូមបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ នៃកម្មវិធីប្រទេសកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញសិប្បកម្មផលិតសម្ភារៈប្រើប្រាស់ដោយដៃធ្វើពីឫស្សីក្នុងស្រុក ដល់ប្រជាពលរដ្ឋស្ថិតនៅស្រុកកែវសីមាខេត្តមណ្ឌលគិរី ដើម្បីឱ្យពួកគាត់អាចរកប្រាក់ ចំណូលបាននិងកាត់បន្ថយការចូលព្រៃរុករកអនុផលព្រៃឈើនិងបរបាញ់សត្វព្រៃខុសច្បាប់ ។
ការបង្រៀននេះមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ(USAID) ក្រោមគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា មានរយៈពេល ៣ឆ្នាំ រហូតដល់ឆ្នាំ២០២១ ៕by AKP