ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលអំណោយមនុស្សធម៌ពីព្រះសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តយស ព្រះមេគណខេត្ត











ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិការ នៃ គណៈកម្មាធិការសាខា បានទទួលអំណោយមនុស្សធម៌ពីព្រះសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តយស ព្រះមេគណខេត្ត និងព្រះតេជគុណ ព្រះអនុគណក្រុង ស្រុកទាំង៨ បាននាំយកនូវមូលនិធិ រួមមានថវិកា ៣ ១០០ ០០០រៀល អង្ករចំនួន ១ ១០០គ.ក្រ និងសម្ភារៈប្រើប្រាស់ចម្រុះ ១៤មុខ ដល់សាខា ដើម្បីត្រៀម បង្ការ សម្រាប់ចែកជូនដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយនៅតាមមូលដ្ឋានក្រុង-ស្រុកនានាក្នុងខេត្ត ដែលពិធីនេះបានប្រព្រឹត្តិទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ ព្រះសង្ឃគ្រប់អង្គ ដែលនេះជាការលើកទឹកចិត្តយ៉ាងធំធេងចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការនាំយក អំណោយទាំងនេះទៅចាត់ចែងប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត កំពុងជួបការលំបាក និងត្រូវការជំនួយជាចាំបាច់ ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ព្រមទាំង ថ្នាក់ដឹកនាំ និងសហការីនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សូមបួងសួងប្រគេនថ្វាយព្រះពរ ដល់ ព្រះសង្ឃគ្រប់ ព្រះអង្គ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យ ព្រះពុទ្ធសាសនា ឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ ហើយអំណោយទាំងអស់នេះ សាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នាឲ្យបានទាន់ពេលវេលា ឲ្យសមស្របទៅនឹង ព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន ៕ ប្រភពរដ្ឋបាលខេត្ត