អភិបាលខេត្តពោធិ៍សាត់ ប្តេជ្ញាអភិវឌ្ឍន៍គម្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ឱ្យក្លាយជារដ្ឋបាលគំរូ

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃ​ទី១៥ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសថានឹងប្តេជ្ញាអភិវឌ្ឍន៍ គម្រោងសាងសង់រដ្ឋបាល​ប្រមូលផ្តុំ របស់ស្រុកតាលោ​សែនជ័យ និងស្រុកភ្នំក្រវាញ ឱ្យក្លាយជារដ្ឋបាលគម្រូ​ដ៏ល្អមួយ ដែលមានភាពទាក់ទាញ និងស្រស់ស្អាត សាកសមជាទីកន្លែងផ្តល់សេវា​សាធារណៈ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ។

ឯកឧត្តមបានប្រកាសបែបនេះ ក្នុងឱកាសដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុក ឃុំ ចុះពិនិត្យទីតាំងគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ស្រុកតាលោសែនជ័យ លើផ្ទៃដី​បម្រុងទុករបស់រដ្ឋ ប្រមាណជាង ៧០ហិកតា ក្នុងភូមិសាស្ត្រឃុំផ្ទះរុង ស្រុកតាលោ​សែន​ជ័យ និងស្រុកភ្នំក្រវាញ លើផ្ទៃដីប្រមាណជិត ២០ហិកតា ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុង​ភូមិ​ព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ការរៀបចំរដ្ឋបាលប្រមូលផ្តុំ របស់សាលាស្រុក​តាលោសែនជ័យ និងសាលាស្រុកភ្នំក្រវាញនេះឡើង គឺជាគំរូមួយដ៏ល្អ សម្រាប់បណ្តា​ស្រុក​ដ៏ទៃទៀត ក្នុងការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឱ្យមានភាព​ងាយ​ស្រួល និងកាត់បន្ថយនូវពេលវេលាក្នុងការមកទំនាក់ទំនង ជាពិសេសក៏ជាកន្លែង​ប្រមូល​ផ្តុំគ្រប់ស្ថាប័នអង្គភាព ចំណុះឱ្យរដ្ឋបាលស្រុកផងដែរ។

ឯកឧត្តមបានបន្ថែមថា ស្រុកតាលោសែនជ័យ គឺជាស្រុកកូនពៅ និងជាស្រុកដែលទើប​នឹង​បង្កើតថ្មី មានឃុំចំនួន២ ក្នុងនោះមានឃុំតាលោ ដែលកាត់ចេញពីស្រុកបាកាន និង​ឃុំផ្ទះរុង ដែលកាត់ចេញពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ទីតាំងរដ្ឋបាលប្រមូលផ្តុំរបស់សាលាស្រុកតាលោសែនជ័យ នឹងត្រូវសាងសង់ឡើង នៅលើ​ផ្ទៃដីបម្រុងទុករបស់រដ្ឋ ប្រមាណជាង៧០ហិកតា រួមមានរចនាសម្ព័ន្ធរូបវ័ន្ត ដែល​សាងសង់ឡើងឱ្យមើលពីលើឃើញថា ក្នុងសម័យតេជោសែន ក្នុងនោះមាន​អគាររដ្ឋបាល មានការិយាល័យនានាជុំវិញស្រុក មានពហុកីឡាដ្ឋាន សម្រាប់ច្រត​ព្រះនង្គ័ល មានកន្លែង​ប្រណាំងគោក្របី មានប្រព័ន្ធធារាស្ត្រ សម្រាប់កម្រិតនៃការអុំទូក​ថ្នាក់ខេត្ត មានប្រព័ន្ធផ្លូវ ភ្លើង ទឹក ហើយអ្វីៗគ្រប់យ៉ាងទាំងអស់នេះ គឺយើងធ្វើឡើងដើម្បីជាសុខទុក្ខពុកម៉ែ​ប្រជាពលរដ្ឋ​របស់យើង។

ដោយឡែកសាលាស្រុកភ្នំក្រវាញបច្ចុប្បន្នមានទីធ្លាតូចចង្អៀត តម្រូវឱ្យសាងសង់ថ្មី មាន​លក្ខណៈប្រមូលផ្តុំជារួម នៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋដូចគ្នា ទំហុំប្រមាណជិត២០ហិកតា ដែលស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំពោះទីតាំងនេះ គឺពិតជាស្រស់ស្អាត និងមានសក្តានុពលខ្ពស់ ពីព្រោះនៅជិតទំនប់ធារាសាស្ត្រដំណាក់​ឈើក្រម និងនៅជាប់ផ្លូវជាតិលេខ៥៥ ឆ្លងកាត់ទៅព្រំដែនកម្ពុជាថៃ ដែលបងប្អូន​ប្រជា​ពល​រដ្ឋ​អាច​ធ្វើដំណើរទៅខេត្តបាត់ដំបង ឬទៅខេត្តកោះកុងបាន។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា យើងមានឱកាសកសាងសមិទ្ធផលនានាបាន គឺ​ដោយ​សារកត្តានៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ, ហើយ​បងប្អូនប្រជាពលរដ្ឋ ក៏អាចធ្វើដំណើរទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយ​គ្មាន​ការភ័យខ្លាចដូចពីមុនទៀតឡើយ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន​ណែនាំ​ដល់មន្ទីរជំនាញ និងអាជ្ញាធរស្រុក សហការសិក្សាគម្រូប្លង់មេ ឱ្យបានច្បាស់លាស់ ដើម្បីការសាងសង់ទទួលបានជោគជ័យ សោភណ្ឌភាព និងសម្រាប់ជាប្រវត្តិសាស្ត្រ ដល់​កូន​ចៅយើងជំនាន់ក្រោយ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមក៏បានបន្តចុះពិនិត្យមើលទីតាំងគ្រោងរៀបចំកន្លែងអភិរក្ស និងចិញ្ចឹមត្រីមេពូជ ដើម្បីបង្កើនផលិតភាពជលផលតាមវាលស្រែ និងដើម្បីបង្កើតជម្រក​ត្រីមេពូជក្នុងរដូវប្រាំងឱ្យសម្បូរគ្រប់រដូវកាល នៅក្នុងស្រះឯកជន ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់៕ ប្រភព៖ រដ្ឋបាលខេត្ត

អត្ថបទដែលជាប់ទាក់ទង