ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានទទួលជួបជាមួយក្រុមការងារ សាយ ចូលសម្តែងការគួរសម និងបង្ហាញពីបេសកកម្ម

ខេត្តរតនគិរី៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលនៃ​គណៈ​អភិបាល​​ខេត្តរតនគិរី អមដោយអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត និង​ប្រធានមន្ទីរ អង្គភាពមួយចំនួន បានអនុញ្ញាតឱ្យលោក អួន បឋម ឬហៅ សាយ ដែលជា​អ្នកផ្តើមគំនិតរត់ដើម្បីរ៉ៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប និងក្រុម​ការងារ​បានចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីបេសកកម្ម​មនុស្សធម៌របស់​សាយ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ថ្លែងនូវការកោតសរសើរ​នូវឆន្ទៈរបស់សាយ ដែលបានផ្តួចផ្តើមគំនិតបង្កើតកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយ​សាយ ដើម្បីគៀគរមូនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួយសង្គ្រោះកុមារ​កម្ពុជារាប់លាននាក់។

ជាមួយគ្នានេះឯកឧត្តមបានសម្តែងនូវក្តីមោទកភាព ដោយសារសាយគឺជាយុវជនម្នាក់​ដែលមាន​ដើមកំណើតនៅខេត្តរតនគិរី និងជាយុវជនគំរូម្នាក់ដែលបានផ្តើមគំនិត និង​លះបង់ខ្ពង់ក្នុងការងារមនុស្សធម៌។

ទន្ទឹមគ្នានេះ ឯកឧត្តមសូមគាំទ្រជាមួយបេសកកម្មរបស់សាយ ក្នុងការរត់ជុំវិញប្រទេស ព្រមទាំងបានប្រគល់ថវិកាជាមូនិធិដែលទទួលបានពីការបរិច្ចាកធនធានផ្ទាល់ខ្លួនពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដើម្បីឧបត្ថម្ភដល់បេសកកម្ម​របស់សាយ ជួយដល់មន្ទីរពេទ្យកុមារអង្គរនូវថវិកាបឋមប្រមាណជិត២០លានរៀល។

សូមបញ្ជាក់ជូនផងដែរថា លោក អួន បឋម ហៅសាយ នាពេលថ្មីៗកន្លងមកនេះក៏បាន​ផ្តើមគំនិតរ៉ៃអង្គាសថវិកាជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-19 ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

បន្ទាប់ពីខេត្តរតនគិរី ដែលជាទឹកដីកំណើតរបស់ខ្លួន និងមានការទទួលស្វាគមន៍យ៉ាង​កក់ក្តៅ​ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត សាយ នឹងបន្តបេសកកម្មឆ្ពោះទៅខេត្ត​មណ្ឌលគិរីបន្តទៀត តាមផែនការដែលបានគ្រោងទុក៕ អរគុណសន្តិភាព

ប្រភព៖ រដ្ឋបាលខេត្ត

 

អត្ថបទដែលជាប់ទាក់ទង