រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ជំ​រុញឱ្យ​មន្ត្រី​ជំនាញ​ទប់ស្កាត់​កុំឱ្យ​កើតមាន​ករណី​ពុល​ស្រា​

ខេត្តកំពង់ឆ្នាំង៖ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ជំរុញ​ឱ្យ​មន្ទីរជំនាញ​ពាក់ព័ន្ធ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច បន្ត​តាមដាន​ត្រួតពិនិត្យ​ទីតាំង​ផលិត និង លក់​ស្រាស​នៅ​គ្រប់​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​កុំឱ្យ​កើតមាន​ករណី​ពុល​ស្រាស​ជាថ្មី​ម្តងទៀត​។

​ការ​បាន​ជំរុញ​បែបនេះ​របស់​ឯកឧត្តម អភិបាលខេត្ត នៅក្នុង​ពិធី​បំផ្លាញចោល​ស្រាស ស្រាថ្នាំ ជិត​២​ម៉ឺន​លីត្រ នា​ថ្ងៃ​៣​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​តា​សុក ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ជាច្រើន​នាក់​ផងដែរ​។​
​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍ថា ក្រោយពី​មាន​ករណី​ពុល​ស្រា នៅ​ស្រុក​ទឹកផុស ទីតាំង​ផលិត​និង​លក់​ស្រាស ទាំងអស់​នៅក្នុង​ខេត្ត ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន មិន​អនុញ្ញាត​ឱ្យមាន​ការផលិត និង ចែកចាយ​ស្រាស ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​និង​ត្រួតពិនិត្យ​ច្បាស់លាស់​ពី​មន្ទីរជំនាញ​នោះឡើយ ពីព្រោះ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។

​ឯកឧត្តម អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​បន្តថា ការអនុញ្ញាតឱ្យ​បើក​ដំណើរ​ការផលិត និង​ចែកចាយ​ស្រាស ឡើងវិញ​បាន លុះត្រាតែ​មានច្បាប់​អនុញ្ញាត និង​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ទីរជំនាញ​យ៉ាង​ម៉ត់ចត់​បំផុត ។ ប៉ុន្តែ​ក្នុងអំឡុង​ពេលនេះ គឺ​មិនត្រូវ​ឱ្យមាន​ការផលិត និង​ចែកចាយ​ស្រាស នៅតាម​មូលដ្ឋាន​នោះឡើយ ។ ចំពោះ​មូលដ្ឋាន​ណា​ដែល​កើតមាន​ករណី​ពុល​ស្រា​នេះ​សាជាថ្មី ត្រូវតែ​ទទួលខុសត្រូវ ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន ឱ្យដឹងថា ស្រា​ដែល​យកមក​បំផ្លាញចោល​នាពេលនេះ បានមកពី​ការចុះ​ត្រួតពិនិត្យ​ប្រមូលរបស់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច នៅតាម​មូលដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង ក្រោយពី​មានការ​ត្រួតពិនិត្យ​រក​ឃើញ​ករណី​មាន​សារធាតុពុល និង​ករណី​ជន​ពុល​ស្រា ។

​ស្រា​ដែល​ប្រមូលបាន​មាន​ចំណុះ​ប្រមាណ​ជិត ២​ម៉ឺន​លីត្រ រួម​និង​មេស្រា មេដំបែ​មួយចំនួនទៀត ។ ការចុះ​ប្រ​មួល​ស្រា​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ និង​បាន​បិទ​ទីតាំង​ផលិត និង​លក់​ស្រាស ស្រាថ្នាំ ប្រមាណ​ជាង ១.៥០០​កន្លែង នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង​។​


​សូមបញ្ជាក់​ផងដែរ​ថា ការដាក់​បម្រាម​មិនឱ្យ​មានការ​ផលិត និង​ចែកចាយ​ស្រាស របស់​អភិបាលខេត្ត​កំពង់ឆ្នាំង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ពុល​ស្រាស ស្រាថ្នាំ នៅ​ស្រុក​ទឹកផុស ដែល​បង្ក​ឱ្យ​មនុស្ស ៨​នាក់​ស្លាប់ និង មាន​អាការ​ពុល​ធ្ងន់ និង​ស្រាល​ចំនួន ១៣១​នាក់ ៕ ព្រភព៖AKP

 

អត្ថបទដែលជាប់ទាក់ទង