Detail Top Banner

ដង្កូវរុយទាហានខ្មៅ ប្រភពប្រតេអុីនធម្មជាតិសម្រាប់ផលិតចំណីសត្វ និងអាចធ្វើជាអាហាររបស់មនុស្ស !

ដង្កូវរុយទាហានខ្មៅ ត្រូវបានប្រទេសជាច្រើនលើពិភពលោក យកមកធ្វើជាចំណីធម្មជាតិរបស់សត្វ និងមានក្រុមហ៊ុនមួយចំនួនផលិតជាអាហាររបស់មនុស្សផងដែរ។ តាមការចុះផ្សាយរបស់ក្រុមហ៊ុន Insect Engineers របស់ប្រទេសហូឡង់ ដង្កូវរុយទាហានខ្មៅ មានជាតិប្រូតេអុីន និងសារធាតុសំខាន់ៗដទៃទៀត សម្រាប់មនុស្ស និងសត្វ ប្រមាណ៤០ ទៅ ៦៥%។
សម្រាប់ខេត្តសៀមរាប ការចិញ្ចឹមរុយទាហានខ្មៅ (BLACK SOLDIER FLY) ជាបទពិសោធន៍ថ្មីមួយសម្រាប់កសិករ ដើម្បីផលិតបានដង្កូវ ធ្វើជាចំណីសត្វសម្រាប់កសិដ្ឋាន ឬលក្ខណៈគ្រួសារ ។
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោក ហេង ណាគ្រី ម្ចាស់កសិដ្ឋានចិញ្ចឹមរុយមួយកន្លែង ស្ថិតនៅភូមិព្រៃធ្លក ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានលើកឡើងថា ផ្តើមចេញពីបញ្ហាជីវភាពក្នុងវិបត្តិកូវីដ-១៩ លោកបានស្រាវជ្រាវមុខរបរថ្មីណាមួយប្លែក ងាយរកទីផ្សារ ប៉ុន្តែការចិញ្ចឹមរុយនេះ មិនមែនថ្មីសម្រាប់ពិភពលោកទេ។
តាមរយ:ការចុះផ្សាយរបស់ក្រុមហ៊ុនផលិតអាហារ Crickster របស់ប្រទេស ដេនម៉ាក រុយទាហានខ្មៅ អាចពងបានប្រមាណ៥០០ ពងក្នុងមួយលើកៗ។ កូនដង្កូវ ដែលញាស់ និងមានអាយុកាលគ្រប់គ្រាន់​ទម្ងន់ ១០គីឡូក្រាម អាចធ្វើជាចំណីសត្វគោមួយក្បាល ដែលផលិតសាច់បាន ១គីឡូក្រាមត្រឡប់មកវិញ។
លោក ហេង ណាគ្រី បន្ថែមថា ការចិញ្ចឹមរុយទាហានខ្មៅ មិនលំបាកក្នុងការរកចំណីឡើយ វារស់ដោយ​សារ​តែការជញ្ជក់ទឹកសន្សើម ឬទឹកធម្មតាតែប៉ុណ្ណោះ។ រីឯកូនដង្កូវរបស់វាស៊ីតែសំណល់បន្លែផ្លែឈើ ឬសំណល់ផ្ទះបាយជាដើម គឺមិនលំបាកស្វែងរកចំណីឡើយ។ វដ្តជីវិតរបស់សត្វរុយទាហានខ្មៅ មានរយ:​ពេល​ ៤៥ថ្ងៃ ចាប់ផ្តើមពីពងញាស់ជាដង្កូវ ការប្តូរភេទពីដង្កូវ ក្លាយជារុយ និងទម្លាក់ពង។ ក្នុងមួយជីវិតសត្វរុយមួយក្បាល វាអាចទម្លាក់ពងបានប្រមាណ ២០ម៉ឺនពង។ ចំពោះតម្លៃ ដង្កូវចំណីសត្វ អាចលក់បានក្នុង ១គីឡូក្រាម តម្លៃ ៤ ០០០រៀល ឬស្មើនឹង ១ដុល្លារ។ ដោយឡែក ដង្កូវសម្រាប់ធ្វើពូជ ១គីឡូក្រាម តម្លៃ ១០ដុល្លារ ចំណែកឯពងរុយសម្រាប់ធ្វើពូជវិញ មានតម្លៃ ៧០០ដុល្លារ ក្នុង១គីឡូក្រាម។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ លោកមានអតិថិជនមកពីបណ្តាខេត្តផ្សេងៗ ប្រមាណជា ២០០នាក់ហើយ មកទទួលយកការផ្ទេរចំណេះដឹង អំពីការរៀបចំ និងដំណើរការកសិដ្ឋានចិញ្ចឹមរុយនេះ៕ មន្ទីរព័ត៌មានខេត្ត
អត្ថបទដែលជាប់ទាក់ទង