ក្រសួងព័ត៌មានកំពុងគិតគូរផ្តល់បណ្ណសមធម៌ ឬ ប.ស.ស សម្រាប់អ្នកសារព័ត៌មានវិជ្ជាជីវៈ
ក្រសួងព័ត៌មាន កំពុងគិតគូរពីការផ្តល់បណ្ណសមធម៌ឬបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស សម្រាប់អ្នកសារព័ត៌មានវិជ្ជាជីវៈ ដើម្បីទទួលបានកិច្ចគាំពារផ្នែកសុខភាព។ក្នុងកម្មវិធីវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៧ ក្រោមប្រធានបទ «សារព័ត៌មានក្នុងបរិបទនៃវិបត្តិជំងឺឆ្លងសកល” ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជានៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៍ លើកឡើងថា ក្រសួងនឹងពិចារណា លើច្បាប់ការងារដែលតម្រូវឱ្យម្ចាស់ស្ថាប័នទទួលខុសត្រូវដល់អ្នកសារព័ត៌មាន តាមរយៈមានបណ្ណសមធម៌និង ប.ស.ស ដើម្បីគាំពារផ្នែកសុខភាព។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ សម្តេចនាយករដ្ឋមន្រ្តី បានសម្រេច ផ្តល់មេធាវីស្ម័គ្រចិត្ត ជួយការពារ អ្នកកាសែត ដែលបំពេញការងារត្រឹមត្រូវ តាមវិជ្ជាជីវ: ប៉ុន្តែសម្រាប់ឆ្នាំនេះ ការស្នើសុំឱ្យអ្នក កាសែតចូលជាសមាជិក បេឡាជាតិសន្តិសុខសង្គម ប.ស. ស គឺកំពុង ដំណើរការរៀបចំ បើចប់រួចរាល់ អ្នកសារព័ត៌មាន ដែលមានបណ្ណ ប.ស.ស នេះ គឺពេលឈឺ ចូលសម្រាកព្យាបាលជំងឺ មិនគិតថ្លៃនោះទេ។
ឯកឧត្តមបានបញ្ជាក់ថា ប្រពន្ធ័ព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្គម ឬការងារសង្គម ហើយសម្រាប់នៅកម្ពុជា មានការសរសើរ ដល់ក្រុមការងារព័ត៌មាន អ្នកនាំពាក្យ ដែលមានជំនាញច្បាស់លាស់ ធ្វើការងារ ២៤ ម៉ោង ហើយរាល់ការផ្សាយ និង និយាយពីបញ្ហាអ្វីមួយ គឺមានការទុកចិត្តពីអ្នក មើលនិង តាមដាន។ ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹក ដល់អ្នកសារព័ត៌មាន ត្រូវរកប្រភពព័ត៌មានដែលពិតត្រឹមត្រូវ ហើយអាជ្ញាធរត្រូវឆ្លើយតបឱ្យបានឆាប់រហ័សវិញផងដែរ នៅពេលមានបញ្ហាអ្វីកើតឡើង។
ឯកឧត្តម បញ្ជាក់ថា សម្រាប់ពិធី ជួបអ្នកសារព័ត៌មាន ជាមួយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឡើងជារៀងរាល់ឆ្នាំនាដើមខែមករានោះ គឺ ត្រូវលុបមិនមានការជួបជុំគ្នានោះទេ ដោយសារបញ្ហាកូវីដ-១៩ តែនៅទទួលយកសំណូមពរ របស់ អ្នកសារព័ត៌មានដដែល ដើម្បីដាក់ទៅប្រមុខរាជរដ្ឋាភិបាលពិនិត្យសម្រេចនិងជួយដោះស្រាយ ៕