សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីវិធានការជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះការឆ្លងក្នុងសហគមន៍នៅប្រទេសថៃ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខណៈដែលប្រទេសថៃដែលជាប្រទេសជិតខាង បាន និងកំពុងផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍នោះ។
នុងសារបន្ទាន់ជាសម្លេងជូនជនរួមជាតិ នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោមានប្រសាសន៍ថា៖ “ខ្ញុំបានធ្វើការពិភាក្សាតាំងពីព្រឹក ជាមួយក្រសួងសុខាភិបាល ជាមួយសម្ដេចក្រឡាហោម ស ខេង ជាមួយផ្នែកពាក់ព័ន្ធ មានរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក ដើម្បីធ្វើកិច្ចការទាក់ទង ជាមួយនឹងការធ្វើយ៉ាងណារៀបចំឱ្យមានការធ្វើចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែន។ ហើយថ្ងៃនេះ ខ្ញុំក៏បានបញ្ចេញថវិកាសម្រាប់ខេត្តទាំង៧ ដែលនៅជាប់ព្រំដែននោះ ចំនួន៥០លានរៀលក្នុងខេត្តនីមួយៗទៀត បន្ថែមលើថវិកាដែលមានពីមុនរួចហើយៗ យើងនឹងបំពេញបន្ថែម ដើម្បីឱ្យខេត្តនៅតាមព្រំដែនមានលទ្ធភាពធ្វើចត្តាឡីស័ក ក្នុងស្ថានភាពធម្មតា មិនអាចឱ្យចូលមកក្នុងផ្ទៃប្រទេសដែលមិនបានធ្វើការត្រួតពិនិត្យសំណាក និងការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅតាមព្រំដែននោះទេ”។
សម្ដេចតេជោបន្តថា ដូច្នេះចំណុចនេះបងប្អូនដែលកំពុងតែនៅក្នុងប្រទេសថៃ ពេលដែលត្រឡប់មកវិញក៏មិនអាចមកបានភ្លាមៗដែរ ចាំបាច់ត្រូវធ្វើចត្តាឡីស័កនៅតាមព្រំដែន។ សម្ដេចតេជោបានគូសបញ្ជាក់ថា ក្នុងសភាពការណ៍ដែលចំនួនមនុស្សហួសពីការគ្រប់គ្រង គឺកងទ័ពត្រូវចេញរថយន្ត ដើម្បីទៅដឹកជញ្ជូនមកខាងក្រោយ ដោយទទួលបទបញ្ជាពីអគ្គបញ្ជាការកងទ័ព ក៏ដូចជាមេបញ្ជាការកងទ័ពជើងគោក។ ហើយរថយន្តនឹងចេញទៅយប់នេះទៅកាន់បីច្រកដែលបានត្រៀមបម្រុងទុក មានច្រកអូរស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ដែលមានរថយន្តប្រមាណជា ៧០គ្រឿង ដែលត្រូវទៅកាន់ទីនោះ ដើម្បីត្រៀមដឹកជញ្ជូនក្នុងករណីដែលហួសពីលទ្ធភាពនៃការធ្វើចត្តាឡីស័កនៅតាមព្រំដែន ដោយមិនអនុញ្ញាតឱ្យបងប្អូនដែលធ្វើដំណើរពីប្រទេសថៃ ចូលមកក្នុងកម្ពុជាធ្វើដំណើរដោយរថយន្តតាក់ស៊ី ឬក៏ធ្វើដំណើរបែកខ្ញែកដោយខ្វះការគ្រប់គ្រង ដែលនាំទៅដល់ហានិភ័យនៃការឆ្លងចូលសហគមន៍ ដោយយើងមិនបានដឹង។ ដូច្នេះកងទ័ព នឹងត្រូវទទួលបន្ទុកទាក់ទិនជាមួយនឹងការដឹកជញ្ជូនបងប្អូនទាំងនេះ រាប់ទាំងការផ្គត់ផ្គង់ផងដែរ ដែលរួមសហការជាមួយនឹងខេត្តនៅតាមព្រំដែន ជាមួយនឹងកម្លាំងនគរបាល ក៏ដូចជាកងរាជអាវុធហត្ថ ដែលធ្វើការនៅតាមព្រំដែននៃច្រកទាំងបីនេះផងដែរ ហើយការងារនេះក៏ត្រូវធ្វើឱ្យមានការសហការឯកភាពជាមួយភាគីថៃ ជាពិសេសបណ្ដាខេត្តដែលនៅតាមព្រំដែន។
សម្ដេចតេជោបន្តទៀតថា ជាមួយគ្នានេះដែរ អ្នកដែលមកតាមច្រករបៀងនានា ក៏ចាំបាច់ត្រូវតែធ្វើការបញ្ជូនអ្នកទាំងនោះ ទៅធ្វើចត្តាឡីស័កនៅគ្រប់ខេត្ត ក្រៅពីតំបន់ទាំងបីនេះ ក្នុងករណីដែលមានមកតាមច្រករបៀងនានាផ្សេងទៀត ចាំបាច់ត្រូវតែធ្វើចត្តាឡីស័កនៅទីនោះតែម្ដង ក្នុងចំនួនដែលអាចគ្រប់គ្រងបាន។ ក្នុងករណីដែលមានចំនួនច្រើនហួស ត្រូវស្នើសុំមកកងទ័ព ដើម្បីដឹកជញ្ជូនទៅខេត្តខាងក្រោយ។ សម្រាប់ខេត្តនៅខាងក្រោយ ដូចដែលបានរៀបចំការពីពេលមុន គឺរៀបចំកន្លែងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ហើយដែលមានទាំងថវិកាផ្គត់ផ្គង់រួចហើយដែរ ដូច្នេះត្រូវរៀបចំជាបន្ទាន់ជាមួយនឹងខេត្តនៅខាងក្រោយ ដើម្បីត្រៀមទទួលបងប្អូនដែលដឹកមកពីមុខ ហើយត្រូវបញ្ជូនបងប្អូនទាំងនោះទៅដល់គោលដៅតាមភូមិ ហើយភូមិត្រូវយកចិត្ត ដូចដែលបានធ្លាប់ធ្វើកន្លងទៅ។ សម្ដេចតេជោគូសបញ្ជាក់ថា បទពិសោធន៍ក្នុងខែមេសា បានផ្ដល់ឱ្យយើងនូវភាពល្អប្រសើរ ដែលគួរយកមកអនុវត្តនៅពេលនេះ។ ជាង១២ម៉ឺននាក់កាលពីពេលនោះ ពុំមានជំងឺឆ្លងណាមួយកើតឡើងដែលនាំចូលពីប្រទេសថៃមកកាន់កម្ពុជានោះទេ ដោយសារតែមានការសហការដ៏ល្អពីក្រុមគ្រួសារ រហូតដល់មានរសរសេរដាក់នៅហ្នឹងផ្ទះថា «កូនរបស់ខ្ញុំទើបមកពីប្រទេសថៃ ដូច្នេះសូមអធ្យាស្រ័យមិនអាចចូលលេងបាន» និងមានវិធីដទៃផ្សេងៗទៀត ការធ្វើចត្តាឡីស័កទៅតាមទីតាំងដែលយើងបានរៀបចំនៅតាមភូមិ ឬក៏នៅតាមឃុំ ហើយដែលមានការផ្គត់ផ្គង់ស្បៀងអាហារឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសនូវបញ្ហា ដែលវាអាចរាលដាលមកក្នុងប្រទេសរបស់យើង ដែលយើងគ្រប់គ្រងមិនបាន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យក្រសួងសុខាភិបាលបញ្ចេញម៉ាសក្រណាត់ទៅកាន់ខេត្តជាប់ព្រំដែននឹងប្រទេសថៃ និងច្រកសំខាន់ទាំងបី រួមមាន ច្រកប៉ោយប៉ែត ច្រកអូរស្មាច់ និងច្រកដូង ដើម្បីឱ្យបងប្អូនដែលចូលមកពីប្រទេសថៃប្រើប្រាស់ ហើយសម្ដេចតេជោសង្ឃឹមថា យើងនឹងជំនះបាននូវការលំបាក ដោយរួមសហការជាមួយនឹងមិត្តថៃ ដើម្បីនឹងធ្វើនៅកិច្ចការងារនេះឱ្យបានល្អ ដើម្បីចៀសវាងការរីករាលដាលចូលមកក្នុងប្រទេសរបស់យើង។ សម្ដេចតេជោ ក៏សង្ឃឹមផងដែរថា ជាមួយនឹងការត្រួតត្រាបាន និងផុតរលត់បន្តិចម្ដងៗ ក្នុងរយៈពេលបីថ្ងៃ មិនមានការឆ្លងក្នុងសហគមន៍នៅក្នុងប្រទេសរបស់យើង រាប់ទាំងការនាំចូលផងនោះ គឺយើងនឹងឈានទៅដំណាក់កាលថ្មីមួយ។ ប៉ុន្តែឥឡូវនេះសភាពការណ៍ថ្មីបានមកដល់ គឺការឆ្លងក្នុងប្រទេសថៃ ដែលអាចរីករាលដាលមកក្នុងប្រទេសកម្ពុជា ប៉ុន្តែការរីករាលដាលមកដំបូងនេះគឺ ការរីករាលដាលភាពភ័យខ្លាចទាក់ទងនឹងចិត្តសាស្ត្រ ដូច្នេះជំងឺពិតប្រាករបស់យើងនៅពេលនេះ គឺជំងឺភ័យខ្លាច។ ដូច្នេះសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋរបស់យើងនឹងចូលរួមអនុវត្តវិធានការទាំងឡាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងវិធានការថ្មី ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលឆ្លងចូលសហគមន៍នៅក្នុងប្រទេសថៃ ក្នុងរយៈពេលមួយថ្ងៃនេះ ហើយដែលនាំទៅដល់កត្តាចិត្តសាស្ត្រដែលកំពុងលេចឡើងក្នុងប្រទេសរបស់យើង៕