រាជរដ្ឋាភិបាលរំពឹងថា កំណើនសេដ្ឋកិច្ចនឹងងើបឡើងវិញក្នុងអត្រា ៣,៥ ភាគរយនៅឆ្នាំក្រោយនេះ

ភ្នំពេញ៖ រាជរដ្ឋាភិបាលរំពឹងថា កំណើនសេដ្ឋកិច្ច នឹងងើបឡើងវិញក្នុងអត្រា ៣,៥ភាគរយ នៅឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីឆ្នាំ២០២០នេះ បានធ្លាក់ដល់ដក២ភាគរយ(-២%) ដោយសារវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា បើសិនការរាតត្បាតនៃជំងឺកូវីដ-១៩ មានការថយស្រាកស្រាន្តនឹងរុញច្រាន កំណើនសេដ្ឋ កិច្ចកម្ពុជាបានប្រសើរឡើង ដោយក្នុងនោះអាចងើបឡើងវិញក្នុងអត្រា ៣,៥ភាគរយ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុបផ.ស.ស)សម្រាប់មនុស្សម្នាក់ឡើងដល់ ១,៧៧១ដុល្លារ ដែលនៅឆ្នាំ២០២០នេះ ធ្លាក់មកនៅត្រឹមជាង ១,៦០០ដុល្លារ។

ថ្លែងក្នុងឱកាសការពារសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំជំរុញ និងស្តារសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ឱ្យងើបឡើងវិញ តាមរយៈការសម្រួលនិងផ្តល់ឥណទាន ការបន្តផ្តល់ភាពអនុគ្រោះពន្ធដល់វិស័យឧស្សាកម្មសំខាន់ៗដូចជា សហគ្រាសធុនតូច និងមធ្យម វិស័យទេសចរណ៍មាន សេវាសណ្ឋាគារ ភោជនីយដ្ឋាន ជាដើម ។

ជាមួយគ្នានេះ ក៏បន្តត្រៀមកញ្ចប់ថវិកាជាតិ ជាង២០០លានដុល្លារ បន្ថែមទៀត ដើម្បីបម្រុងលើការស្តារសេដ្ឋកិច្ចរបស់ប្រជាជន នៅពេលជំងឺកូវីដ-១៩ នៅតែបន្តរាតត្បាត និងមិនថមថយ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អះអាងថា មកដល់ពេលនេះ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាជាតិអស់ជាង២០០លានដុល្លាររួចទៅហើយ សម្រាប់ចំណាយលើការជួយស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងរយ:ពេលជួបវិបត្តិដោយការរាតត្បាតនៃជំងឺកូវីដ- ១៩ ។

តាមការព្យាករណ៍របស់ធនាគារពិភពលោក បានបង្ហាញដែរថា ក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញ ក្នុងអត្រាជិត ៤ភាគរយ ។
លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកា ធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា នៅពេលដែលមានការធូរស្រាលបន្តិច នៅក្នុងវិធានការរក្សាសុវត្ថិភាពសង្គម សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក កំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ ក្នុងពេលដែលលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និងទៅក្នុងវិស័យកសិកម្ម នៅតែបន្តកើនឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសនានាក្នុងតំបន់។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា បានកត់សម្គាល់ថា ទោះបីជាការនាំចេញសរុបនៃផលិតផលកមន្តសាល បានរងការប៉ះទង្គិចពីការរាតត្បាតជំងឺកូវីដ-១៩ ក៏កំណើនសេដ្ឋកិច្ច នៅតែបន្តមានក្នុងការនាំចេញផលិតផលរោងចក្រដទៃទៀតមានដូចជា៖ កង់ គ្រឿងបង្គុំអគ្គិសនី និងគ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានា ស្របគ្នានឹងការនាំចេញអង្ករ និងផលិតផលកសិកម្មផ្សេងទៀតនៅមានសន្ទុះខ្លាំងក្លា ព្រមទាំងចលនាទេសចរណ៍ក្នុងស្រុក បានជួយមួយផ្នែកក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍កម្រើកឡើងវិញ។

របាយការណ៍ពីការស្ទង់មតិលើសកម្មភាពធុរកិច្ចនៅកម្ពុជារបស់ធនាគារពិភពលោក ដែលចេញផ្សាយនៅក្នុងសប្តាហ៍កន្លងទៅនេះ បានបង្ហាញថា អាជីវកម្មជាច្រើនបានបើកទ្វារឡើងវិញហើយ តាំងពីខែមិថុនាមក បើទោះជាការលក់នៅមានកម្រិតទាបខ្លាំង ពិសេសសម្រាប់អាជីវកម្មខ្នាត មីក្រូ តូច និងមធ្យម និងសម្រាប់បណ្តាក្រុមហ៊ុនជាច្រើននៅខេត្តសៀមរាប៕ by AKP
