ថវិកាជាតិឆ្នាំ២០២១ ផ្តោតសំខាន់លើការប្រយុទ្ធការពារអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច
ភ្នំពេញ៖ រាជរដ្ឋាភិបាលអះអាងថា ថវិកាឆ្នាំ២០២១ គឺជាថវិកាប្រយុទ្ធការពារអាយុជីវិត និងជីវភាពរស់នៅ របស់ប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ដើម្បីដោះស្រាយបញ្ហាចំពោះមុខក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។
ថ្លែងទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសឡើងការពារច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នាព្រឹកថ្ងៃទី២១ ខែធ្នូនេះ ឯកឧត្តមសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើង ក្នុងពេលដែលប្រទេសជាតិកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកនៃវិបត្តិជំងឺកូវីដ-១៩ ហើយជំនន់ទឹកភ្លៀងនាពេលថ្មីៗកន្លងទៅនេះ បានបង្កើនថែមទៀតនូវសម្ពាធនៃតម្រូវការចំណាយថវិកា នៅក្នុងឆ្នាំ២០២១ខាងមុខ សម្រាប់គោលដៅនៃការស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងផលិតកម្មកសិកម្ម ដែលបាននិងកំពុងទទួលរងការខូចខាត។
ឯកឧត្តមបានបញ្ជាក់ថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវបាននិងកំពុងបន្តនាំមកនូវផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមក ចំពោះតំបន់ និងពិភពលោកទាំងមូល ដោយគ្មានការលើកលែងចំពោះប្រទេសណាមួយឡើយ ជាពិសេស បានធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារ ធ្លាក់ចុះនូវប្រាក់ចំណូល ហើយប្រជាជនមួយចំនួនធំនៅលើពិភពលោក ត្រូវធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ កម្ពុជាក៏មិនអាចគេចរួចពីផលវិបាកអាក្រក់ទាំងនេះដែរ។
ឯកឧត្តមបន្ដថា ការរាតត្បាតនៃជំងឺកូវីដ-១៩ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបាននាពេលកន្លងមកដោយលំបាកប៉ុណ្ណោះទេ តែថែមទាំងអាចទាញបង្អន់ល្បឿននៃកិច្ចដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា ក្នុងការប្រែខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ។
ក្នុងន័យនេះ ថវិកាឆ្នាំ២០២១ គឺជាថវិកាប្រយុទ្ធការពារអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការតម្រង់ធនធាន ឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពេលដែលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ ។ ម៉្យាងទៀត ថវិកាឆ្នាំ២០២១នេះ គឺជាថវិកានៃឆ្នាំពាក់កណ្តាលអាណត្តិ ដែលបម្រើឱ្យសំណូមពរនៃការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗ ដែលបានកំណត់នៅក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ តាមគន្លងប្រក្រតីថ្មីនៃ «ផែនការស្តារសេដ្ឋកិច្ចឡើងវិញសម្រាប់ឆ្នាំ២០២១-២០២៣»។
គណៈកម្មការព្រឹទ្ធសភា យល់ឃើញថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ របស់រាជរដ្ឋាភិបាល ក្នុងការពុះពារជម្នះឧបសគ្គ និងដោះស្រាយបញ្ហាប្រឈមនានា ដែលអាចនាំឱ្យមានហានិភ័យ ទាំងនៅក្នុង និងក្រៅប្រទេស សំដៅធានាឱ្យបាននូវលំនឹងសង្គម-សេដ្ឋកិច្ច និងបន្តការពារ ទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១ ត្រូវបានរំពឹងថា នឹងងើបឡើងវិញក៏ដោយ ក៏កម្ពុជា នឹងជួបបញ្ហាប្រឈមជាមួយនឹងការកើនឡើងហានិភ័យកាន់តែខ្ពស់ ដោយសារតែភាពមិនប្រាកដប្រជានៃការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ទាំងទិដ្ឋភាពខាងក្នុង និងខាងក្រៅ ដែលអាចនឹងប៉ះពាល់ដល់ចីរភាពនៃកំណើន និងនិរន្តរភាពនៃការអភិវឌ្ឍប្រទេស៕by AKP