ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជួប សាវនាការ ជាមួយ លោកជំទាវ​បណ្ឌិត​ Devyani Uttam khobrakade ឯកអគ្គរដ្ឋទូតនៃ​សាធារណៈរដ្ឋឥណ្ឌា ប្រចាំកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន បានអនុញ្ញាតឲ្យ លោកជំទាវ បណ្ឌិត Devyani Uttam khobrakade ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋឥណ្ឌា ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម។ ក្នុងឱកាសទើបតែត្រូវបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំកម្ពុជា លោកជំទាវបានមានប្រសាសន៍ថា ក្រៅពីការសម្តែងនូវគាវរកិច្ច លោកជំទាវ​ក៏ចង់​​សិក្សាស្វែងយល់នូវលទ្ធភាពក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរ អោយ​កាន់តែប្រសើរ ជាពិសេសលោកជំទាវ​ប្តេជ្ញាចិត្តថា នឹងខិតខំសហការឲ្យកាន់តែល្អជា​មួយ​ថ្នាក់ដឹកនាំក្រសួងបរិស្ថាន លើវិស័យបរិស្ថាន។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី​បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ​ចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតដែលត្រូវបានរដ្ឋា​ភិបាលប្រទេសឥណ្ឌា​ផ្តល់​នូវសេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ ប្រចាំនៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនពី សក្តានុពលរបស់កម្ពុជាដែលប្រទេសទាំង២ អាច​សហការ​ជាមួយគ្នាបាន មានដូចជា វិស័យអេកូទេសចរណ៍ វិស័យអភិវឌ្ឍន៍ធនធាន​មនុស្ស​​តាមរយៈការផ្លាស់ប្តូរ និងចែករំលែក​បទពិសោធន៍គ្នាទៅវិញទៅមក។ ជាពិសេស ការពង្រឹងកិច្ចសហប្រតិបត្តិការលើ​ការ​ប្រែប្រួលអាកាសធាតុ ការលប់បំបាត់ការប្រើប្រាស់​ថង់ប្លាស្ទិក ដែលកន្លងមកឥណ្ឌាធ្លាប់មានបទពិសោធន៍​ដោយ​អនុវត្តបានជោគជ័យនៅ​ទីក្រុង​ញ៉ូដាលី ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែង​នូវ​អំណរគុណ​ចំពោះ​ប្រទេស​​ឥណ្ឌា ដែលកន្លងមកបានចូលរួមបណ្តុះបណ្តាល​ធនធាន​មនុស្សនៅកម្ពុជា ការជួស​ជុលប្រាង្គប្រាសាទនានានៅកម្ពុជា និងវិស័យជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង