កាកបាទក្រហមកម្ពុជា ទទួលជំនួយសប្បុរសធម៌ ពីក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងប្រទេសកូរ៉េ
ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានទទួលជំនួយសប្បុរសធម៌ ជាទឹកប្រាក់ចំនួន ៩៣,៣៦០,០០០វ៉ុន ស្មើប្រមាណ ៨៤,០០០ដុល្លារ ដែលជាចំណែករបស់ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រង Korea Deposit Insurance Corperation ក្នុងចំណោមជំនួយ ១២៣,៣៦០,០០០វ៉ុន ប្រមាណ១១២,០០០ដុល្លារ។
មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ស្ថានទូតកម្ពុជា មានកិត្តិយសជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី- ហ៊ុន សែន ក្នុងការទទួលជំនួយសប្បុរសធម៌ចំនួន ៩៣,៣៦០,០០០វ៉ុន (ស្មើនឹងប្រមាណជាង ៨៤,៨៧២$ ) ដែលជាចំណែករបស់ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រង Korea Deposit Insurance Corperation ។
ក្នុងចំណោមជំនួយសរុប ១២៣, ៣៦០,០០០វ៉ុន ( ប្រមាណ ១១២,០០០$) ដែលក្នុងនោះ Woori Finance group នឹងផ្តល់ជំនួយ ២៥,០០០,០០០វ៉ុន ( ស្មើនឹង ២២,៧២៧$) និង Busan International Finance ចំនួន ៥,០០០០០០វ៉ុន ( ស្មើនឹង៤,៥៤៥$) តាមរយ:កាកបាទក្រហមកូរ៉េនៅក្នុងពេលឆាប់ៗខាងមុខ។
កាកបាទក្រហមកូរ៉េនឹងបែងចែកជំនួយដល់កម្ពុជាដូចខាងក្រោម៖
១–ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងគម្រោង WASH Facilities និងជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់។
២–ថវិកាជួយដល់សហគមន៍ខ្មែររៀបការស្វាមី–ភរិយាកូរ៉េ ប្រមាណ ៧០គ្រួសារ។
មន្ត្រីដដែលបានឱ្យដឹងថា កាកបាទក្រហមកូរ៉េ ក៏បានសំដែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមកជាមួយកាកបាទ
ក្រហមកម្ពុជា ជាពិសេសភាពរីកចម្រើនរបស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន។
ជាមួយគ្នានេះភាគីកូរ៉េក៏បានស្នើសុំអោយកម្ពុជានៅតែបន្តកិច្ចសហការ និងពង្រឹងកិច្ចសហការឡើងវិញបន្ទាប់ពីស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរឡើងវិញ។
សូមជម្រាបជូនថា ក្រុមការងារកម្រិតជំនាញរបស់កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកូរ៉េ នឹងជួបពិភាក្សាការងារគ្នា តាមពេលវេលាសមស្រប ដើម្បីផ្លាស់ប្តូរយោបល់ និងធ្វើបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការរវាងគ្នា ទាំងវិស័យមនុស្សធម៌ និងវិស័យជាអាទិភាពផ្សេងទៀត ដែលកូរ៉េ មានសក្តានុពលក្នុងការផ្តល់ជូនកម្ពុជា ក្នុងនោះមានវិស័យសុខាភិបាលជាដើម៕