គួរឱ្យសោកស្តាយខ្លាំងណាស់ ងាប់ត្រីផ្សោតធំ១ក្បាលទៀតហើយនៅអន្លង់ផ្សោតកាំពី នៃខេត្តក្រចេះ
ខេត្តក្រចេះ៖ ត្រីផ្សោតញីដ៏ធំ១ក្បាល មានទម្ងន់ជាង ២០០គីឡូក្រាម បានងាប់នៅក្នុងអន្លង់ផ្សោតកាំពី ជារមណីយដ្ឋានទេសចរណ៍ដ៏ល្បី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលករណីនេះ ប្រជាពលរដ្ឋបានសំដែងនូវទឹកចិត្តសោកស្ដាយ ព្រោះបាត់បង់ផ្សោតជាមេពូជ អាចបណ្តាលឱ្យមានការថមថយបរិមាណត្រីផ្សោតទៅថ្ងៃអនាគត។
ក្នុងសកម្មភាពត្រួតពិនិត្យសំណាកត្រីផ្សោត ដែលបានងាប់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានឱ្យដឹងថា តាមការពិនិត្យជាក់ស្ដែង ត្រីផ្សោតដ៏ធំមួយក្បាលនេះ បានងាប់ប្រហែលជាមួយថ្ងៃមុនតែប៉ុណ្ណោះ ហើយស្ថានភាពនៃការងាប់នេះ ដោយសារសត្វផ្សោតនេះមានវ័យចំណាស់ ធ្មេញវាសឹករិចរឹល ទាំងលើ ទាំងក្រោម ពិបាកក្នុងការស៊ីចំណី និងគួបផ្សំទៅនឹងស្ថានភាពអាកាសធាតុមានការប្រែប្រួលផង។ លោកបញ្ជាក់ថា៖ សត្វផ្សោតញីមួយក្បាលនេះ រស់នៅក្នុងអន្លង់កាំពីលេខ ID.95 ដែលមានទម្ងន់ប្រមាណជាង ២០០គីឡូក្រាម មានប្រវែង ២៤០សង់ទីម៉ែត្រ ។ ក្រុមមន្ត្រីជំនាញរបស់រដ្ឋបាលជលផលខេត្ត និងបុគ្គលិកអង្គការWWF បានធ្វើសំណាកទៅតាមបច្ចេកទេស ទាក់ទងទៅនិងការងាប់របស់ត្រីផ្សោតនេះ។
លោក លាង សាមឿន ប្រជាពលរដ្ឋនៅជិតតំបន់ផ្សោតកាំពី ឃុំសំបុក បានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ឆ្នាំត្រីផ្សោតតែងតែងាប់ជាបន្តបន្ទាប់ ចំណែកខាង (អង្គការ WWF)យកសំណាកត្រីផ្សោតទៅពិនិត្យរកមូលហេតុ តែមិនបានចេញជាលទ្ធផលយ៉ាងណានោះទេ ហើយយុទ្ធសាស្ត្រការការពារក៏មិនទាន់មានដែរ ។
លោកស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ រិះរកយន្តការធ្វើការអភិរក្សឱ្យមានប្រសិទ្ធភាព និងកុំទម្លាក់កំហុសទៅលើអាកាសធាតុប្រែប្រួល ព្រោះមានករណីខ្លះ ក៏ត្រីផ្សោតនេះងាប់ដោយសារតែបទល្មើសនេសាទមួយចំនួនដែរ។
សូមបញ្ជាក់ថា៖ នេះជាការងាប់ត្រីផ្សោតទី២ហើយ ដោយសារកាលពីថ្ងៃទី១៥ ខែធ្នូ មានត្រីផ្សោតឈ្មោល១ក្បាល ទម្ងន់ជាងមួយរយគីឡូក្រាម បានងាប់រួចមកហើយដែរ។
ហើយការងាប់នេះ ត្រូវបានប្រជាពលរដ្ឋយកទៅកប់ លាក់ក្នុងពំនូកខ្សាច់១កន្លែងក្បែរមាត់ទឹក ត្រង់ចំណុចវាលខ្សាច់ជ្រោយរ៉ៃ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះផងដែរ៕