រដ្ឋបាលខេត្តសៀមរាបនឹងបន្តជួយសម្របសម្រួលការកសាងហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ អណ្តូងទឹក ដល់ប្រជាពលរដ្ឋរស់នៅតាមចំណីស្ទឹងសៀមរាប ដែលស្ម័គ្រចិត្តទទួលយកទីតាំងដីឡូតិ៍ថ្មី
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបនឹងបន្តជួយដល់ការកសាងសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អណ្តូងទឹក ដល់ប្រជាពលរដ្ឋរស់នៅតាមចំណីស្ទឹងសៀមរាបដែលស្ម័គ្រចិត្តទទួលយកទីតាំងដីឡូតិ៍ថ្មី ដើម្បីផ្តល់លទ្ធភាព ឱ្យអាជ្ញាធរកែលម្អមាត់ស្ទឹងសៀមរាប ឱ្យមានសោភ័ណភាពស្រស់ស្អាត អនាម័យបរិស្ថានល្អ បម្រើឱ្យវិស័យទេសចរណ៍។
លោកសុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងសម្របសម្រួលពីសំណាក់រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ ក្នុងការរកទីតាំងថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៤៣០គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផលបណ្តោះអាសន្នតាមចំណីស្ទឹងសៀមរាប ឱ្យមករស់នៅលើទីតាំងថ្មី ស្ថិតនៅក្នុងភូមិធម្មជាតិ រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយពីទីរួមខេត្តសៀមរាប ប្រមាណជា ២២គីឡូម៉ែត្រ ដោយក្នុងមួយគ្រួសារទទួលបានដីទំហំ ២០ម៉ែត្រគុណ៣០ម៉ែត្រ។ លោកបន្តថា ទីតំាងថ្មីនេះ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សមរម្យ ជាទីប្រជុំជនមួយដែលមានមនុស្សរស់នៅ និងអាចប្រកបមុខរបររកស៊ីផ្សេងៗបានទៀតផង។
លោកបន្តថា រដ្ឋបាលខេត្តសៀមរាប កំពុងរៀបចំឱ្យមានបង្គន់អនាម័យ អណ្តូងទឹកស្អាត និងផ្លូវថ្នល់ឱ្យកាន់តែស្រស់ស្អាត និងងាយស្រួលក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។
“យើងមានការរៀបចំចាប់ឆ្នោតឱ្យបងប្អូនប្រជាពលរដ្ឋយើងក្នុងចំណោម ៤៣០គ្រួសារហ្នឹង គឺមានការចូលរួមចាប់ឆ្នោត ៤០៥គ្រួសារ ស្មើនឹងប្រមាណ ៩៤ទៅ៩៥ភាគរយ ដែលទទួលយកការចាប់ឆ្នោត មករស់នៅលើទីតាំងថ្មី ដែលយើងគ្រោងរៀបចំនៅភូមិធម្មជាតិរុនតាឯក ហើយ ឯកឧត្តមអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះមកមើល និងបោះឡូតិ៍ចែកជូនបងប្អូនយើងក្នុងមួយគ្រួសារគឺ ២០ម៉ែត្រគុណនិង៣០ម៉ែត្រ សម្រាប់គាត់រស់នៅ ហើយនិងរៀបចំដូចជាអណ្តូងទឹក បង្គន់អនាម័យ ក្នុងនោះរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ជាផ្លូវក្រួសក្រហម ដើម្បីបងប្អូនអាចរស់នៅក្នុងទីតាំងថ្មីនេះបាន។ ”
អ្នកស្រី គឹម សាន្ត ប្រជាពលរដ្ឋរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានអាស្រ័យផលលើដីចំណីស្ទឹងសៀមរាប បានបង្ហាញនូវការពេញចិត្ត ចំពោះការដោះស្រាយរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ដី ដើម្បីឱ្យប្រជាពលរដ្ឋសាងសង់លំនៅឋាន រស់នៅបានសមស្រប។ អ្នកស្រីបន្តថា ទោះបីទីតាំងដីដែលបានផ្តល់ឱ្យប្រជាពលរដ្ឋហាក់នៅឆ្ងាយបន្តិចមែន ប៉ុន្តែអ្នកស្រីចង់ឱ្យ អាជ្ញាធរពាក់ព័ន្ធជួយអភិវឌ្ឍតំបន់នេះបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់ពួកគាត់។
“ពេញចិត្តនឹងការទទួលយក មិនមែនមិនពេញចិត្តទេ តែផលពិបាកគឺឆ្ងាយបន្តិច តែធ្វើយ៉ាងម៉េចដើម្បីឱ្យរដ្ឋអភិវឌ្ឍហើយ យើងក៏សប្បាយចិត្តដែរ ដើម្បីស្អាតទាំងអស់គ្នា ចង់ឱ្យអភិវឌ្ឍឱ្យមានសាលារៀន មានផ្សារទៅ ចង់ឱ្យយើងរស់នៅក្នុងក្រុងយ៉ាងម៉េច ដូចថានៅទីហ្នឹងមានដូចគ្នា កុំឱ្យអត់សាលារៀនឱ្យគ្នាយកកូនទៅរៀននៅឯណា។”
គួរជម្រាបផងដែរថា នៅក្នុងឱកាសអញ្ជើញបើកការដ្ឋានផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្ដល់ថវិកាជាតិចំនួន ៥លានដុល្លារអាមេរិកផ្សេងទៀត ដើម្បីកែលម្អដងស្ទឹងសៀមរាបទាំងសងខាង ដែលមានប្រវែងសរុបជិត ៩គីឡូម៉ែត្រ។ ដោយគម្រោងកែលម្អមាត់ស្ទឹងសៀមរាបនេះ ធ្វើយ៉ាងណាឱ្យមានសោភ័ណភាពស្រស់ស្អាត មានភាពទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត៕ by AKP