Detail Top Banner

UPDATE: ម្ចាស់កាំភ្លើងដែលផ្តល់ឲ្យបក្ខពួក បាញ់សន្តិសុខក្រុមហ៊ុន សូ ងួន ស្លាប់ និងរបួសនៅខេត្តកំពត ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ

ខេត្តកំពត៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍​ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ថា ម្ចាស់កាំភ្លើងដែលបានផ្តល់ឲ្យបក្ខពួក ហើយបាញ់សន្តិសុខក្រុមហ៊ុន សូ ងួន បណ្តាលឲ្យស្លាប់ និងរបួសនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅពេលនេះកម្លាំងព្រហ្មទណ្ឌរបស់យើង សហការជាមួយកម្លាំងនគរបាលខេត្តពោធិ៍សាត់ បានចាប់ខ្លួនឈ្មោះ ហេង យ៉ុង ដែលជាម្ចាស់កំាភ្លើងបានហើយ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ»

បើតាមលោកស្នងការ នៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងកំពុងនាំខ្លួនជននេះមកកាន់ខេត្តកំពត ដើម្បីចាត់ការបន្តទៀត។

សូមរំលឹកថា បក្ខពួកខ្មាន់កាំភ្លើង ២នាក់ ដែលបាញ់សន្ដិសុខក្រុមហ៊ុន សូ ងួន បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍ប៉ះទង្កិចគ្នាដោយជម្លោះដីធ្លី នៅស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចាប់ខ្លួនបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់បណ្ដាញឲ្យដឹងថា ជនសង្ស័យ​ទី១៖ ឈ្មោះ ញ៉ាន សែង អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក និងទី២៖ ឈ្មោះ ស៉ីម ថែ អាយុ២១ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

លោកស្នងការបានបន្ដថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន បានសារភាពថា អ្នកដែលធ្វើសកម្មភាពបាញ់គឺឈ្មោះ ស៊ូ ធា ដែលជាមេខ្លោង ហើយបានប្រើប្រាស់កាំភ្លើង AK បាញ់ មកលើក្រុមសន្តិសុខក្រុមហ៊ុន សូ ងួន ដោយមានគ្នាប្រមាណជិត ២០នាក់ ហើយអ្នកផ្សេងៗ ទៀតបានប្រើប្រាស់អាវុធកែច្នៃបាញ់​មកលើក្រុមសន្តិសុខផងដែរ។ ជនដៃដល់ ស៊ូ ធា បានកំពុងលាក់ខ្លួនលើភ្នំចំងាយពីកន្លែងកើតហេតុប្រហែល ៥គីឡូម៉ែត្រ ដោយយកទៅជាមួយនៅអាវុធ AK។

សូមរំលឹកថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឧកញ៉ា សូ ងួន នៅឃុំត្រពាំងផ្លាំង ស្រុកឈូក ខេត្ដកំពត រហូតឈានដល់ការប៉ះទង្កិចគ្នាមួយប្រាវ រវាងពលរដ្ឋ និងសន្ដិសុខក្រុមហ៊ុន នៅវេលាម៉ោងប្រមាណ​១០ព្រឹក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងការប៉ះទង្កិចគ្នានេះ ប្រជាពលរដ្ឋបានប្រើប្រាស់កាំភ្លើង ស្នប់កែច្នៃ បាញ់បណ្ដាលឲ្យសន្ដិសុខម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់រងរបួសធ្ងន់។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះទី១៖ ឈ្មោះ នួន ភ័ក្ត្រា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង រងរបួសត្រង់ក្រោមក្លៀក ស្លាប់នៅនឹងកន្លែងកើតហេតុ និងទី២៖ ឈ្មោះ ផន ដា អាយុ៣១​ឆ្នាំ មានស្រុកកំណើតនៅសំពៅមាស ខេត្តពោធិ៍សាត់ (របួសធ្ងន់) បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ៕ by FN

អត្ថបទដែលជាប់ទាក់ទង