ថវិកាចំនួន៣៣លានរៀលផ្តល់ជូនសម្តេចអគ្គមហាសេនាបតីតេជោសម្រាប់ទិញវ៉ាក់សាំងការពារជម្ងឺ COVID-19
ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួមនិងមន្រ្តីទាំងអស់ បានឧបត្ថម្ភជាថវិកាចំនួន ៣៣លានរៀល (សាមសិបបីលានរៀល)ប្រគល់ជូនដោយ តាមរយៈរដ្ឋបាលសាលាខេត្តកណ្តាល ជូនសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីសម្រាប់ទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ជូនប្រជាពលរដ្ឋកម្ពុជា។ក្រោមអធិបតីភាពឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។
ក្នុងឱកាសប្រគល់ថវិកានះដែរ ឯកឧត្តម គង់សោភ័ណ្ឌអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោឈឿន សុចិត្រ និងមន្រ្តីនគរបាលទាំងអស់ក្នុងខេត្តកណ្តាលដោយបានចូលរួមគ្នាបរិច្ចាគនូវទ្រព្យសម្បត្តិ និងធនធានផ្ទាល់ខ្លួនជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សកម្មភាពមនុស្សធម៌របស់កងកម្លាំងនគរបាលគ្រប់ថ្នាក់ក្នុងខេត្តកណ្តាលនៅពេលនេះគឺពិតជាបញ្ជាក់ឱ្យឃើញពីសទ្ធាជ្រះថ្លាមួយហើយជាវប្បធម៌ជួយគ្នាក្នុងគ្រាលំបាកនិងបង្ហាញពីគាំទ្រយ៉ាងខ្លាំងក្លាដល់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋទូទៅ ដែលកំពុងតែត្រូវការជាចាំបាច់បំផុត នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ការជួយឧបត្ថម្ភនេះគឺពិតជាមានតម្លៃធំធេងណាស់ ចំពោះសុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជាទាំងមូលផងដែរ។
សូមជម្រាបថា ក្រោយពី សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីគម្រោងទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ កាលពីពេលថ្មីៗនេះមក ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ជាច្រើន បានចូលរួមបរិច្ចាគថវិកា ផ្ទាល់ខ្លួន តាមលទ្ធភាពជាបន្តបន្ទាប់ដើម្បីចូលរួមជួយគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជនកម្ពុជា៕ អរគុណសន្តិភាព