លោក ម៉ាង ស៊ី​ណេ​ត អញ្ជើញ​បិទ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស ស្តីពី​ការដំឡើង​ប្រព័ន្ធ​អំពូល​សូ​ឡា​បំភ្លឺ​ផ្លូវ សូ​ឡា PV និង​ម៉ូតូ​អាគុយ​

ខេត្តព្រះសីហនុ៖ ​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចូលរួម​បិទ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស ស្តីពី​ការដំឡើង​អំពូល​សូ​ឡា​បំភ្លឺ​ផ្លូវ សូ​ឡា PV និង​ម៉ូតូ​អាគុយ នៅ​សាលាខេត្ត​ព្រះសីហនុ ដែលមាន​សិក្ខាកាម​មកពី​ក្រុង ស្រុក​ទាំង ៥ សរុប​ចំនួន ២០​នាក់ នា​រសៀល​ថ្ងៃ​៩​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ ។​

​លោក អ៊ុយ កា​ម៉ា​ល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស ស្តីពី​ការដំឡើង​អំពូល​សូ​ឡា​បំភ្លឺ​ផ្លូវ សូ​ឡា PV និង​ម៉ូតូ​អាគុយ រយ​:​ពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២២​ដល់​២៣ ខែធ្នូ ឆ្នាំ​២០២០ ត្រូវបាន​បញ្ចប់​ទទួល​បាន​លទ្ធផល​ល្អ ដោយមាន​ការធ្វើ​បទ​បង្ហាញ​ពី​គ្រូ​បង្គោល​ប្រទេស​ចិន លើ​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង ក្នុងការ​ដំឡើង​អំពូល​សូ​ឡា​បំភ្លឺ​ផ្លូវ សូ​ឡា PV និង​ម៉ូតូ​អាគុយ​ទទួលបាន​លទ្ធផល​ល្អ​តាម​ការគ្រោងទុក ។
​​លោក ម៉ាង ស៊ី​ណេ​ត អភិបាល រង​ខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​ក្រសួងបរិស្ថាន និង​គ្រូ​បង្គោល​មកពី​ប្រទេស​ចិន ដែល​បាន​ជួយ​បង្ហាត់បង្រៀន​ដល់​មន្ត្រី បច្ចេកទេស​ក្រុង ស្រុក​ទាំង​៥ របស់​ខេត្ត​ព្រះសីហនុ ពិសេស​ការខិតខំ​ប្រឹង​ប្រែង​ស្តាប់ និង​ការអនុវត្ត​ជាក់ស្តែង​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត​សម្រាប់​យកទៅ​ធ្វើ​ការតំឡើង​នៅតាម​សាលា​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​នាពេលខាងមុខ ។
​​លោក​អភិបាលរង​ខេត្ត បាន​បន្តថា ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍ​រីកចម្រើន ធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ កាត់បន្ថយ​នូវ​ភាពក្រីក្រ ។ រាជរដ្ឋាភិបាល​កម្ពុជា មាន​ចក្ខុវិស័យ​នៅ​ឆ្នាំ​២០៣០ ជំរុញ​ប្រទេស​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ។ ខេត្ត​ព្រះសីហនុ បានធ្វើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៤​ខ្សែ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ខ្មែ “​ខ្មែរ​ធ្វើបាន​” នេះ​ជា​សមត្ថភាព​របស់​ខ្មែរ ដែល​បាន​សាងសង់​ផ្លូវ ៣៤​ខ្សែ ប្រកបដោយ​គុណភាព និង​សោភណភាព អនុវត្ត​ដោយ​ខ្លួនឯង ។ ប្រមុខ​រាជរដ្ឋាភិបាល​បន្ត​សាងសង់​ផ្លូវ ៣៨​ខ្សែ​បន្តទៀត នៅ​ខេត្តសៀមរាប ដើម្បី​បម្រើឱ្យ​វិស័យ​ទេសចរណ៍ និង​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ។​


​​លោក​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ មាន​ផ្លូវគោក ផ្លូវដែក​ត​ភ្ជាប់​ទៅកាន់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួនទៀត មាន​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ មាន​ទំនិញ​ឆ្លងកាត់ ៧០​ភាព​រយ មាន​ព្រលានយន្តហោះ​អន្តរជាតិ មាន​ឆ្នេរសមុទ្រ​សរ​ស្អាត ខ្យល់អាកាស​បរិសុទ្ធ និង​មាន​កោះ​ចំនួន ៣២ ប្រកបដោយ​សក្តានុពល​ខាង​វិស័យ​ទេសចរណ៍ ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ មានការ​អភិ វ​ឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នាពេល​បច្ចុប្បន្ន ៕ by AKP

អត្ថបទដែលជាប់ទាក់ទង