អភិបាលរាជធានីភ្នំពេញជំរុញឱ្យមន្រ្តីពាក់ព័ន្ធបង្កើនការថែរក្សាទ្រព្យសម្បត្តិរដ្ឋ ផ្លូវ ប្រឡាយ លូ ឱ្យបានគង់វង្ស
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញជំរុញឱ្យមន្រ្តីពាក់ព័ន្ធបង្កើនការថែរក្សាទ្រព្យសម្បត្តិរដ្ឋ ពិសេសផ្លូវប្រឡាយ លូ ដើម្បីការពារផលប្រយោជន៍ជាសាធារណៈ ក្នុងកិច្ចប្រជុំវិសមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អណត្តិទី៣ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់មន្រ្តីពាក់ព័ន្ធទំាងអស់ត្រូវបង្កើនការទប់ស្កាត់ករណីរំលោភលើចំណីផ្លូវចំណីប្រឡាយ ឬចាក់ដីរំលោកយកប្រឡាយទំាងស្រុង ដែលបង្កផលប៉ៈពាល់ធ្ងន់ធ្ងរដល់ការរំដោះទឹកជំនន់ទឹកភ្លៀងចេញទៅក្រៅក្រុង។
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រឡាយមួយចំនួនត្រូវបានប្រជាពលរដ្ឋរំលោភយកដោយសាងសង់ផ្ទះនៅលើប្រឡាយ ហើយកន្លែង ខ្លះចាក់ដីលុបប្រឡាយតែម្តង យកកាន់កាប់ដោយខុសច្បាប់ ដែលធ្វើឱ្យអាជ្ញាធរជំនាញពិបាកក្នុងការស្តារ និងអភិវឌ្ឍន៍ប្រឡាយឱ្យបានល្អប្រសើរ ដើម្បីរំដោះការជន់លិចរាជធានីភ្នំពេញ។
«ជាទូទៅប្រឡាយយើងនៅភាគខាងលិចត្រូវបានគេរំលោភ បំពានពីអ្នកដែលរស់នៅជិតខាងប្រឡាយ ហើយកន្លែងខ្លះទៀតក៏មានចាក់ដីលុបតែម្តង បាត់ទ្រង់ទ្រាយប្រឡាយ ចឹងបានយើងឥលូវនេះ កំពុងខិតខំពង្រឹងកិច្ចការងារបន្ថែម ជុំវិញការថែរក្សាទ្រព្យសម្បត្តិសាធារណៈពិសេសប្រឡាយលូ និង ផ្លូវ»។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា នៅទូទំាងរាជធានីភ្នំពេញ មានប្រឡាយមេ សរុបចំនួន ៣៧ប្រឡាយ ក្នុងនោះប្រឡាយមេធំៗមានចំនួន ១៧ខ្សែ និងប្រឡាយមេរង មានចំនួន ២០ខ្សែ ខណៈដែរប្រឡាយមួយចំនួនរងការរំលោភបំពានកាន់កាប់ដោយខុសច្បាប់។ លោកបន្តថា នៅឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញ បានស្តារប្រលាយចំនួន ១២ខ្សែ ដែលបានជួយ រំដោះការ ជន់លិចជំនន់ទឹកភ្លៀងបានច្រើន ហើយនៅឆ្នាំ២០២១ ខាងមុខរដ្ឋបាលរាជធានីភ្នំពេញមានផែនការស្តារ ប្រឡាយមេជាច្រើនទៀត នៅភាគខាងជើង និងភាគខាងលិចបន្តទៀត ដើម្បីធានាការពារកុំឱ្យជន់លិចរាជធានីភ្នំពេញនារដូវវស្សាខាងមុខ។
«យើងត្រូវតែស្តារប្រឡាយទំាងនេះ ព្រោះវាធានានូវនិរន្តរភាព សម្រាប់ប្រឡាយឱ្យមានទឹកហូរ ជាប្រចាំ ទប់ស្កាត់ការរំលោភចាក់ដី រំលោភប្រឡាយផង ហើយនឹងសម្រួលផ្លូវទឹក»។
សូមបញ្ជាក់ថា កាលពីខែតុលាកន្លងមកនេះ កម្ពុជាបានទទួលរងឥទ្ធិពលព្យុះជាច្រើន បង្កឱ្យមាន ជំនន់ទឹកភ្លៀងលិចលង់នៅតំបន់ជាយរាជធានីភ្នំពេញជាច្រើនកន្លែង ហើយអាជ្ញាធរបានដោះស្រាយ ចុះអន្តរាគមន៍ភ្លាមៗក្នុងការជីកស្តារប្រឡាយមេមួយចំនួន ដើម្បីសម្រួលឱ្យទឹកហូរបានលឿនកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅ និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ៕