រដ្ឋសភាទទួលស្គាល់តំណាងរាស្រ្តថ្មីពីររូបជំនួសតំណាងរាស្រ្តដែលលាលែង​ទៅ​កាន់​តួនាទីថ្មី

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អង្គប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។

សម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២៩ ខែធ្នូ នឹងប្រកាសសុពលភាព នៃអាណត្តិតំណាង​រាស្រ្ត​ទាំងពីររូប មានឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តតាកែវ ជំនួស​ឯកឧត្តម សុខ សូកាន ដែលបានសុំលាលែង និងឯកឧត្តម សៅ សារ៉ាត់ ជាតំណាង​រាស្រ្ត​ថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួសលោកជំទាវ បាន ស្រីមុំ ដែលបានលាលែង។

ក្នុងសម័យប្រជុំរដ្ឋសភានាពេលនោះ នឹងរៀបចំបោះឆ្នោតជ្រើសតាំង សមាជិកថ្មី នៃ​គណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និង​គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង