ម៉ាស់ចំនួន ៣០ ០០០ម៉ាស់ និងជែលចំនួន ២ ០០០ដប របស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ តយ្រូវបានប្រគល់ជូន​ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួង​អភិវឌ្ឍន៍​ជនបទ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ​ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដី​ក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារ​កក់ក្ដៅ និងភរិយា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងធ្វើការប្រគល់ និង​ទទួលម៉ាសចំនួន ៣០ ០០០ម៉ាស់ និងជែលចំនួន ២ ០០០ដប ដែលជាអំណោយរបស់​ក្រុមហ៊ុនគ្រួសារកក់ក្ដៅ សម្រាប់ចែកជូនមន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ រួមចំណែក​ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ។

ក្នុងជំនួបនេះឯកឧត្តមបណ្ឌិតសភាចារ្យ​ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ​ក្រសួង​អភិវឌ្ឍន៍​​​ជន​បទមានតួនាទី និងភារកិច្ចធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ​របស់​ប្រជា​ពលរដ្ឋនៅតំបន់ជនបទ ធ្វើយ៉ាងណាបង្ខិតគម្លាតរវាងអ្នករស់នៅទីក្រុង និង​អ្នករស់នៅ​តំបន់ជនបទ។

បេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទគឺរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយផ្ដោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ដែល​បច្ចុប្បន្ន​រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងធ្វើការកែ​លម្អជា​បណ្ដើរៗ ពីផ្លូវជនបទក្រាលក្រួសក្រហមឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។ជាមួយនេះក្រសួងមានភារកិច្ចមួយទៀតគឺថែទាំសុខភាពជូនប្រជាពលរដ្ឋនៅជនទ ដែលកំពុងធ្វើសកម្មភាពចំនួនពីរ គឺ​ការងារសម្អាត និងអនាម័យជនបទ ដែលការងារទាំងពីរនេះត្រូវផ្សារភ្ជាប់ទៅនឹង​វិស័យ​ផ្គត់ផ្គង់ទឹក ដែលរាជរដ្ឋាភិបាលបានកណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅជនបទ​ត្រូវមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

លោកឧកញ៉ា អ៊ុច សម្បត្តិ ​បានជម្រាបជូនឯកឧត្តមបណ្ឌិតសភាចារ្យ​ អ៊ុក រ៉ាប៊ុន ថា កន្លង​មកក្រុមហ៊ុនគ្រួសារកក់ក្ដៅ បានផ្ដល់ជូនម៉ាស់ចំនួន ៥ម៉ីន ម៉ាស់ដល់រាជរដ្ឋាភិបាល​ផង​ដែរ ហ់យក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពាជំងឺកូវីដ ១៩ ចំនួន ១ម៉ឺនដុល្លារ ។ ជាមួយនេះក្រុមហ៊ុនរបស់លោកក៏បានជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់បានមួយចំនួនធំ នៅខេត្តកំពង់ស្ពឺ ពោធិសាត់ និងខេត្តកំពង់ឆ្នាំងផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ​រដ្ឋមន្រ្ដី បានថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ​ក្រុមហ៊ុន​គ្រួសារកក់ក្ដៅ ដែលបានផ្ដល់ម៉ាស់ និងជែល ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ជាការ​រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ៕

អត្ថបទដែលជាប់ទាក់ទង