ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញទទួល សំភារៈការិយាល័យ​របស់​ក្រសួង​ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចូលរួមក្នុង​ពិធី​ប្រគល់ទទួលសំភារៈការិយាល័យរបស់ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ផ្ដល់ជូនគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានលើកថា ក្រសួងការបរទេសចិន បានផ្ដល់​ជំនួយឧបករណ៍សម្ការការិយាល័យដែលមានទឹកប្រាក់ចំនួន២លានយ័ន ដែលក្រសួង​ការបរទេសចិន ផ្ដល់ជូនគណៈកម្មាធិការខាងកម្ពុជាគឺដើម្បីបង្កើនប្រសិទ្ធភាពការងារខាងគណៈកម្មាការ ដើម្បីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនឱ្យបានកាន់តែជិត​ស្និទ្ធ​ឡើង។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី មានការរីករាយណាស់ ក្នុងនាម​គណៈកម្មា​ធិការ​កម្ពុជា​ក្នុងក្របខណ្ឌគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល​កម្ពុជា-ចិន ក្នុងឱកាសពិធីប្រគល់អំណោយសំភារៈការិយាល័យយ៉ាងច្រើន​ដែលជា​អំណោយរបស់ក្រសួងការបរទេសចិន ដែលមានតម្លៃ ២លានយ័ន ផ្ដល់ជូន​គណៈកម្មាធិការ​កម្ពុជា ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាង​ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំង“ផែនការសកម្មភាព ៥ឆ្នាំដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន(២០១៩-២០២៣)”ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់។

ជំនួយឧបត្ថម្ភដ៏សំខាន់នេះ ដែលមានសំភារៈការិយាល័យសម្បូរបែបយ៉ាងច្រើន​នឹងជួយ​សម្រួលដល់ការងាររបស់គណៈកម្មាធិការកម្ពុជា ដែលមានស្ថាប័នក្រសួងចំនួន ១៧ជា​សមាជិក ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទំាងពីរ លើគ្រប់វិស័យ ដើម្បីអនុវត្តឱ្យបានលទ្ធផលល្អ នៃកិច្ចប្រជុំគណៈកម្មាធិការសម្រប​សម្រួល​អន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី១៦ ខែមិថុនា កន្លងមកជាពិសេសបញ្ជី​ការងារបន្ទាន់​ដែលយើងត្រូវធ្វើឱ្យសម្រេច។

ទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០ ដើម្បីចូលរួមជា​អធិបតីភាពជាមួយ សម្ដេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(CCFTA) ដែលបាននំាឱ្យ​ពាណិជ្ជកម្ម​រវាងកម្ពុជានិងចិន កាន់តែមានទំហំធំធេងថែមទៀត លើសពី ១០ប៊ីលាន​ដុល្លារ​អាមេរិក នៅឆ្នំា2023 ដែលបានគ្រោងទុក ជាពិសេសការនំាចេញកសិផលកម្ពុជា​ឱ្យបានច្រើនថែមទៀតទៅប្រទេសចិន។

ក្នុងនាមគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឧបនាយក​រដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និង​ជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងការបរទេស​នៃ​សាធារណរដ្ឋប្រជាមានិតចិនដែលបានផ្ដល់នូវសំភារៈការិយាល័យអេឡិចត្រូនិក​ជាច្រើន​ទំាងនេះ ដើម្បីនឹងសម្រួលការងារគណៈកម្មាធិការសម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា។

ក្នុងឱកាសនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ក៏សូមថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបាន​ជួយឧបត្ថម្ភហិរញ្ញប្បទានយ៉ាងច្រើនជាបន្តបន្ទាប់ដល់កម្ពុជា ជាជំនួយឥតសំណង កម្ចីអត់​ការប្រាក់ ឬការប្រាក់ទាប ព្រមទំាងការវិនិយោគដែលមានទំហំធំធេង ជារៀងរាល់ឆ្នាំនៅ​កម្ពុជា៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង