Detail Top Banner

តុលាការសម្រេចផ្តន្ទាទោសជនដៃដល់៣នាក់ វាយសម្លាប់ប្លន់យកម៉ូតូ នៅសង្កាត់សាក់សំពៅ ម្នាក់ៗដាក់ពន្ធនាគារ ១៨ឆ្នាំ

លោក អ៊ុក សុវណ្ណរិទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿង ឃាតកម្មប្លន់សម្លាប់ឈ្មោះ មែក ភីន អាយុ២៩ឆ្នាំ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៦៖៣០នាទី នៅលើផ្លូវលំវាលស្រែ ស្ថិតនៅភូមិខ្វា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដោយសម្រេចដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន១៨ឆ្នាំ។

សូមរំលឹកថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជន សង្ស័យ៣នាក់ ក្នុងប្រតិបត្ដិការនេះ មានការដឹកនាំចង្អុលបង្ហាញ និងបញ្ជាពីលោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំសហការជាមួយការិយាល័យកំរិតធ្ងន់ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ អធិការដ្ឋាននគរបាលខណ្ឌដង្កោ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ អឿង ភាព ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី២៖ ឈ្មោះ ណោម ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៣៖ ឈ្មោះ ប៉ុក សុខនី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត (ទទួលផលចោរកម្ម) ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមរំលឹកថា បុរសម្នាក់ត្រូវ បានប្រជាពលរដ្ឋប្រទះឃើញ ស្លាប់នៅកណ្តាលផ្លូវ ក្នុងភូមិខ្វិត សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យជាករណីឃាតកម្ម វៃសម្លាប់ប្លន់យកម៉ូតូ ដោយហេតុការណ៍នេះ បានកើតឡើងនឹងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦៖៣០ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថា សពបុរសខាងលើ មានឈ្មោះ មែក ភីន អាយុ២៩ឆ្នាំ មុខរបរជាងកញ្ចក់ និងរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិនជូរីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ នឹងមានស្រុកកំណើតនៅភូមិសំឃ្លី ឃុំព្រែកខ្លា ស្រុកកោះអណ្តាត ខេត្តតាកែវ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា មានមនុស្សស្លាប់ ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍សាកសំពៅ បានសហការជាមួយកម្លាំងជំនាញ នៃអធិការខណ្ឌដង្កោ បានចុះមកពិនិត្យជាក់ស្តែងនៅ កន្លែងកើតហេតុឃើញក្បែរសាកសព មានកាំភ្លើងជ័រមួយដើម មួកសុវត្ថិភាពនិងកញ្ចក់ម៉ូតូ ហើយនៅលើដងខ្លួនមានស្នាមរបួស នៅកញ្ចឹងក នឹងឆ្អឹងជំនី។

តាមសាច់ញាតិសពបុរសខាងលើ បានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រឹមសង់ សេរី ២០១៥ ចេញពីផ្ទះបាត់តាំងពីវេលាម៉ោង៨យប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ ដោយទាក់ទងមិនបាននោះទេ លុះព្រឹកថ្ងៃទី១៦ ស្រាប់តែសមត្ថកិច្ចទាក់ទងមកថា ជនរងគ្រោះត្រូវបានគេវៃសម្លាប់ប្លន់យកម៉ូតូបាត់ទៅហើយ។

ក្រោយពិនិត្យរួចរាល់ និងសាកសួរព័ត៌មានពីសាច់ញាតិសពបុរសខាងលើ សមត្ថកិច្ចសន្និដ្ឋានថា ជាករណីវៃសម្លាប់ប្លន់យកម៉ូតូពីជនរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង