ពលករចំណាកស្រុកម្នាក់ដែលបានវិលត្រឡប់ពីប្រទេសថៃ ភៀសខ្លួនទៅស្រុកកំណើតមន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានស្រុក បានចុះទៅពិនិត្យអប់រំ ណែនាំពីវិធានការ និងតម្រូវឲ្យគាត់ធ្វើចត្តាឡីស័ក នៅផ្ទះ
ខេត្តកណ្តាល៖ មានពលករចំណាកស្រុកម្នាក់ដែលបានវិលត្រឡប់ពីប្រទេសថៃ មកប្រទេសកម្ពុជាវិញ កាលពីថ្ងៃអង្គារ បានរត់គេចពីការដាក់ឲ្យនៅដាច់ដោយឡែកកាលពីថ្ងៃសុក្រ ហើយបានភៀសខ្លួនទៅស្រុកកំណើតនៅខេត្តកណ្តាល។
ពលករនោះមានឈ្មោះ គង់ ម៉េងហេង អាយុ២៦ឆ្នាំ មកពីប្រទេសថៃ បានភៀសខ្លួនទៅស្រុកកំណើតកាលពីល្ងាចថ្ងៃសុក្របានចូលមកដល់ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល នៅពេលយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
ក្រោយទទួលបានព័ត៌មានភ្លាម មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានស្រុក បានចុះទៅពិនិត្យអប់រំ ណែនាំពីវិធានការ និងតម្រូវឲ្យគាត់ធ្វើចត្តាឡីស័ក នៅផ្ទះ ដែលមានម្តាយនិងប្អូនស្រី ១នាក់ ហើយមានសមត្ថកិច្ចនៅតាមដានប្រចាំការ។
លោកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន ថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ គាត់ត្រូវបានយកសំណាក ហើយលទ្ធផល ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមាន នៅល្ងាចថ្ងៃដដែល និងបន្តតាមដានសុខភាពជូនគាត់ ១៣ថ្ងៃក្រោយគាត់នឹងត្រូវយកសំណាកធ្វើ តេស្តលើកទី២ ម្តងទៀត៕