បុគ្គលិកក្រុមហ៊ុនអុីហ្គេតម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿនទៅបុកពីក្រោយរថយន្តបែនដឹកដីដែលខូចចតលើដងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ខណៈជិះម៉ូតូដឹកម្ហូបកម្មង់ឲ្យអតិថិជន
ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ខាងលិចស្តុបណូគា ប្រមាណ២០០ ម៉ែត្រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបែនដឹកដីមួយគ្រឿងក្បាលពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ចង្កូតស្ដាំ PP -1527 ខូច ហើយបានចតចោលនៅលើដងផ្លូវតាំងពីម៉ោង៥រសៀលមកម្ល៉េះ ដោយម្ចាស់មិនបានដាក់អ្វីជាសម្គាល់ ឲ្យបានត្រឹមត្រូវនោះទេ ដោយចតទុកក្នុងទិសដៅពីលិចទៅកើត លុះដល់ម៉ោងកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-7973 ដឹកម្ហូបឲ្យក្រុមហ៊ុនអីហ្គេត មកពីក្រោយបានជ្រុលទៅបុករថយន្តដឹកដីផ្នែកខាងឆ្វេងខាងក្រោយពេញទំហឹងបណ្ដាលឲ្យបោកក្បាលនឹងទ្រុងរថយន្តរងរបួសធ្ងន់ ភ្លាមនោះត្រូវបានសាច់ញាតិបានដឹកជនរងគ្រោះតាមម៉ូតូយកទៅសង្គ្រោះនៅពេទ្យឯកជនមួយកន្លែងដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានសាច់ញាតិខាងភាគីម៉ូតូ ក៏ដូចជាតំណាងភាគីរថយន្តបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ by Nokorwatnews សម្របសម្រួលចេញផ្សាយដោយ ឆេង សេងហុង