ជនជាតិវៀតណាមប្រុសស្រី៣នាក់ នគរបាលស្រុកពញាឮ ឃាត់ខ្លួនករណីបង្កអំពើហិង្សាដោយចេតនា
ខេត្តកណ្តាល៖ យោងផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស-ស្ត្រី ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកពញាឮ ឃាត់ខ្លួនពាក់ព័ន្ធករណីប្រព្រឹត្តអំពើហិង្សាដោយចេតនា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅចំណុច ភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ចាន់ ធី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ត្រី មានទីលំនៅភូមិ ព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។
ជនដៃដល់មានឈ្មោះ ១.ឈ្មោះ ង្វៀង ធីធឿង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុនផ្នែកលក់ ២-ឈ្មោះ ង្វៀង យ៉ាំងដាង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ និង៣.ឈ្មោះ ង្វៀង ធីលែរ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ។
អ្នកទាំង៣ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលនៅថ្ងៃខែឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ចាន់ ធី និងកូនស្រីឈ្មោះ ជិន គីមលី អាយុ១៨ឆ្នាំ បានដើរឡើងពីប៊ែផ្ទះទឹកទៅលើគោក ក្នុងគោលបំណង ដើម្បីទៅចូលរួមតាមការកោះហៅរបស់លោកមេឃុំពញាឮ ពីបញ្ហាជម្លោះរឿង កំប្លោកនៅមាត់ទន្លជាមួយក្រុមគ្រួសារ របស់ឈ្មោះ ង្វៀង យ៉ាំងដាង និងប្រពន្ធឈ្មោះ ង្វៀង ធីល៊ែរ ។ ក្នុងពេលនោះជនរងគ្រោះឈ្មោះ ចាន់ ធី បានដើរពី ក្រោយកូនស្រីឈ្មោះ ជិន គីមលី ពេលដើរទៅយកម៉ូតូ ស្របពេលនោះជនរងគ្រោះបានដើរស្តោះទឹកមាត់ចោល ខណ:នោះស្រាប់តែជន សង្ស័យខាងលើ និងបក្ខពួក បាននាំគ្នាស្ទុះទៅព្រួតវាយទៅលើជនរងគ្រោះឈ្មោះ ចាន់ ធី បណ្តាលឲ្យរងរបួសផ្ទៃមុខ និងមានស្នាមក្រចក ឆូត ហូរឈាមក៏មានអ្នកជិតខាងចូលជួយឃាត់បំបែកចេញ។ បន្ទាប់មកប្តីរបស់ជនរងគ្រោះឈ្មោះ ង្វៀង យ៉ាំងតាំ បានរត់ឡើងប៊ែរផ្ទះទឹកឃើញសភាពប្រពន្ធមានរបួសលើមុខ បានយកម៉ូតូឌុបជនរងគ្រោះទៅប្តឹងនគរបាលប៉ុស្តិ៍ពញាឮ ហើយបានឌុបជនរងគ្រោះបន្តទៅព្យាបាលនៅមន្ទីរពេទ្យកំពង់ហ្លួងដើម្បីសម្រាកព្យាបាល ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាឮ បានចុះទៅដល់ កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងបន្តចាត់ការតាមនីតិវិធី ៕