ពីធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២០នេះ នៅសាលប្រជុំជាន់ទី៣អាគាររដ្ឋបាលខេត្តព្រះវិហារ មានរៀបចំពីធីប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវជាគណៈប្រតិភូអមដំណើរ អភិបាលរងខេត្ត អភិបាលក្រុង/ស្រុកទាំង៨ ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តជាច្រើនរូប។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានឲ្យដឹងថា ការតែងតាំងមុខតំណែងគឺជាដំណើរការមួយក្នុងការគ្រប់គ្រងមន្ត្រីរាជាការ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់រដ្ឋបាលមួយ អង្គភាពមួយ ក្នុងការឆ្លើយតបទៅនិងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាដាក់ចេញក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និតិកាលទី៦ នៃរដ្ឋសភា។ ជាក់ស្ដែងថ្ងៃនេះខេត្តព្រះវិហារបានរៀបចំពីធីតែងតាំងមុខតំណែងថ្មី ដោយលោក សុង ច័ន្ទសុជាតិ ទទួលតំណែងថ្មីជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារជំនួសលោក អ៊ា សុខា ផ្ទេរភារកិច្ចទៅបម្រើការនៅទីស្ដីការក្រសួងបរិស្ថាន។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានថ្លែងអំណរគុណចំពោះលោក អ៊ា សុខា ដែលបានខិតខំបំពេញការងារជាប្រធានមន្ទីរបរិស្ថានខេត្តក្នុងរយៈពេលកន្លងមកក្នុងការអភិវឌ្ឍន៍ខេត្តព្រះវិហារ។

មានមតិសំណេះសំណាលនិងផ្ដាំផ្ញើ ឯកឧត្តម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថានបានជំរុញដល់លោក សុង ច័ន្ទសុជាតិ ដែលទើបនិងទទួលមុខតំណែងថ្មីជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ក្នុងការដឹកនាំមន្ទីរទាំងអស់ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកំពស់ប្រសិទ្ធភាពការងារគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកំពស់ទទួលភាពខុសត្រូវ និងភាពជាម្ចាស់ការ តួរនាទីភារកិច្ចរបស់ខ្លួន។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រធានមន្ទីរបរិស្ថានខេត្តថ្មី ចូលរួមចំណែកឲ្យសកម្មក្នុងការអនុវត្តន៍​គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការក្នុងការដឹកនាំអភិវឌ្ឍន៍នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីមានសម្ថភាព និងលទ្ធិភាពគ្រប់គ្រងក្នុងការអនុវត្តន៍ និងទទួលខុសត្រូវក្នុងមុខតំណែងដែលបានផ្ទេរពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ តាមជំហាននីមួយៗ ។ ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើជាមួយមន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក និងឃុំសង្កាត់ព្រមទាំងសហគមន៍មូលដ្ឋាន រួមទាំងអង្គការស៊ីវិល និងដែគូរអភិវឌ្ឍន៍។ ត្រូវបន្តគ្រប់គ្រងមូលដ្ឋានស្រាវជ្រាវ និងពង្រឹងកិច្ចការការពារតំបន់ការពារធម្មជាតិ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ អភិរក្សជីវចម្រុះ និងបន្តកិច្ចសហប្រតិបត្តិការជាមួយសហគមន៍តំបន់ការពារធម្មជាតិ៕ ប្រភព មន្ទីរព័ត៌មានខេត្ត

អត្ថបទដែលជាប់ទាក់ទង