នាយរងព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ដែលត្រូវខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់

ភ្នំពេញ៖ បុរសម្នាក់ជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានី ភ្នំពេញត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាជា ច្រេីនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហេីយ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយឡែកជនដៃដល់បានបេីករថយន្តគេចខ្លួនបាត់។
ហេតុការណ៍គួរឲ្យរន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនរងគ្រោះឈ្មោះ រ៉េត ស៊ីនេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល នាយរងព្រហ្មទណ្ឌនៃស្នងការរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញជនរងគ្រោះបេីករថយន្តម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-3738 បេីកបរតាមមហាវិថីហសព័ន្ធរុស្ស៉ីក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្ត lexus 300 ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ សៀមរាប 2A-4546 បេីកមកបុកពីក្រោយបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចបន្ទាប់មកភាគីទាំងសងខាងបានឈប់ដេីម្បីចរចារគ្នាដោយភាគីខាងរងគ្រោះបានសម្រួល ឲ្យភាគីបង្កយករថយន្តទៅជួសជុលដេីម្បីបញ្ចប់រឿង។
ប្រភពដដែលបានបន្តថា បន្ទាប់មក ស្រាប់តែម្ចាស់រថយន្តបង្កឡេីងទៅលេីរថយន្តចំណែកបក្ខពួក ២នាក់ទៀតបានដកកាំភ្លេីងមិនចាំម៉ាកបាញ់ប្រហាទៅលេីជនរងគ្រោះចំនួន ៩គ្រាប់ បណ្តាលឲ្យចំជនរងគ្រោះ ៣គ្រាប់ ទី១ ចំក្បាល ២គ្រាប់ទៀតចំដេីមទ្រូង និងពោះ បន្ទាប់ពីបាញ់ប្រហារួចក្រុមជនបង្កបានបេីករថយន្តគេចខ្លួនបាត់ស្រមោល។
ក្រោយកេីតហេតុភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលដោយសាររងបួសធ្ងន់ធ្ងរពេកត្រូវបានដាច់ខ្យល់ស្លាប់ពេលបញ្ជួនទៅដល់មន្ទីរពេទ្យ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




