Detail Top Banner

កម្ពុជា នឹងធ្វើការកំណត់ប្រភេទកីឡាត្រៀម SEA Games 2023 នាឆ្នាំក្រោយ

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានបញ្ជាក់ថា ការងារសំខាន់ៗជាច្រើន នឹងត្រូវសម្រេចឲ្យបានក្នុងឆ្នាំ២០២១ រួមទាំងការ កំណត់ប្រភេទកីឡា និងទីលានប្រកួត ដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡា ស៊ីហ្គេម(SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ឆ្នាំ២០២៣។

លោករដ្ឋមន្ដ្រី បានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ស្ដីពីការត្រួត​ពិនិត្យរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ CAMSOC កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូម្សិលមិញ នៅអគារ NOCC ។ លោកបានចាត់ទុកឆ្នាំ២០២១ គឺជាឆ្នាំដ៏សំខាន់ នៃការចាប់ផ្ដើមសកម្មភាពកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ឬ Game Operation Time ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និង​បំពេញការងារឲ្យបានរួចរាល់តាមផែនការ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបន្ថែមថា ការកំណត់ប្រភេទកីឡា និង​យុទ្ធសាស្ដ្រឆ្ពោះទៅ SEA Games 2023 ក៏ដូចជាទីលានប្រកួត គឺត្រូវកំណត់ឲ្យបាន​រួចរាល់​នាឆ្នាំក្រោយ ដើម្បីពង្រឹងលក្ខណៈសម្បត្តិ ទាំងធនធានមនុស្ស បច្ចេកទេស និង​សម្ភារៈ ទៅតាមប្រភេទកីឡានីមួយៗ ឲ្យមានឧត្តមភាព និងសក្ដានុពលត្រៀមការ​ប្រកួត​ប្រជែងមេដាយជូនជាតិស្របតាមផែនការមេ ក្នុងឋានៈកម្ពុជា គឺជាម្ចាស់ផ្ទះព្រឹត្តិការណ៍​ជាប្រវត្តិសាស្ដ្រនេះ ។

លើសពីនេះ ក៏មានសកម្មភាពជាច្រើន ត្រូវចាប់ផ្ដើមព្រមៗគ្នាផងដែរ ដូចជាការផ្សព្វផ្សាយ​ពីដំណើរឆ្ពោះទៅស៊ីហ្គេម យុទ្ធនាការអប់រំសង្គម ការហ្វឹកហាត់នូវទស្សនីយភាព​ត្រៀម​ពិធីបើក-បិទស៊ីហ្គេម ការចាប់ផ្ដើមសកម្មភាពការងាររបស់គណៈកម្មការជំនាញទាំង ១៤ របស់ CAMSOC, ការកំណត់ប្រភេទកីឡាមុតស្រួចតាមវិទ្យាសាស្ដ្រកីឡា ការត្រៀមចូល​រួម​ប្រកួត​កីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងការត្រៀមទទួលទង់ធ្វើម្ចាស់ផ្ទះ​ស៊ីហ្គេម ពីវៀតណាមជាដើម ។

 

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ដោយសារឆ្នាំ២០២០ មានការងារខ្លះ ត្រូវ​ប្រឈមបញ្ហា និងរាំងស្ទះដល់ការអនុវត្តការងារ ព្រោះវិបត្តិកូវីដ-១៩ ដូច្នេះរាល់ការងារ​ទាំងអស់ ក៏ត្រូវយកមកអនុវត្ត និងសម្រេចឲ្យខានតែបានក្នុងឆ្នាំ២០២១ ដោយគោរព​ទៅតាមប្រតិទិនការងាររបស់គណៈកម្មការជំនាញនីមួយៗ និងក្រោមការចង្អុលបង្ហាញ​របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និង​ជាប្រធាន CAMSOC៕ by fn

អត្ថបទដែលជាប់ទាក់ទង