កងទ័ពជើងទឹក​មូល​ដ្ឋា​ន​សមុទ្រ​ទទួល​រថយន្ត​ស៊ី​រ៉ែ​ន ១​គ្រឿង និង​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ពី​លោក​ឧកញ៉ា លឹម ហ៊ុយ​ឡេង​

ខេត្តព្រះសីហនុ៖ ​លោក​ឧកញ៉ា លឹម ហ៊ុយ​ឡេង និង​លោកជំទាវ បាន​អញ្ជើញ​សួរសុខទុក្ខ​នាយ​នា​វី ពល​នា​វី​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ នាឱកាស​ឆ្លង​ឆ្នាំ​សកល ២០២០-២០២១ ព្រមទាំង​នាំយក​រថយន្ត ភី​អាប់ CHEVROLET ផលិត​ឆ្នាំ​២០១៩ មួយគ្រឿង មី ២០​កេស ទឹកក្រូច ២០​កេស ទឹកបរិសុទ្ធ ២០​កេស និង​ថវិកា ៦ ០០០​ដុល្លារ​អាមេរិក ឧបត្ថម្ភ​ដល់​កងទ័ពជើងទឹក​មូ​ល​ដ្ឋា​ន​សមុទ្រ ដើម្បី​ប្រើប្រាស់​សម្រាប់​កង​អន្តរាគមន៍​ថ្មើ​ជើង​នៃ​មូលដ្ឋាន​សមុទ្រ ។

​ពិធី​ប្រគល់ និង​ទទួល​រថយន្ត​ស៊ី​រ៉ែ​ន ភី​អាប់ CHEVROLET និង​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា បានធ្វើ​ឡើង​នៅ​ទីបញ្ជាការដ្ឋាន​មូលដ្ឋាន​សមុទ្រ ស្ថិតនៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​១​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ។​
​ឯកឧត្តម ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ បានទទួល​ស្វាគមន៍ និង​ថ្លែងអំណរគុណ​លោក​ឧកញ៉ា លឹម ហ៊ុយ​ឡេង និង​លោកជំទាវ ដែល​បាន​ឧបត្ថម្ភ​រថយន្ត​ភី​អាប់ បំពាក់​ស៊ី​រ៉ែ​ន​មួយគ្រឿង ព្រមទាំង​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​មកដល់​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ នេះ​គឺជា​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​មូលដ្ឋាន​សមុទ្រ។ តាងនាម​ឱ្យ​នាយ​នា​វី និង​ពល​នាវិក​មូលដ្ឋាន​សមុទ្រ​​ទាំងអស់ សូម​ថ្លែងអំណរគុណ​ចំពោះ​ទឹក​ចិ​ត្ដ​សប្បុរសធម៌​របស់លោក​ឧកញ៉ា និង​ក្រុមគ្រួសារ ស្រប​ពេលដែល​មូលដ្ឋាន​សមុទ្រ​កំពុង​ខ្វះ​រថយន្ត​ស៊ី​រ៉ែ​ន​សម្រាប់​នាំ​ផ្លូវ ក៏ដូច​ជា​ការចូលរួម​អន្តរាគមន៍​ហើយ​រថយន្ត​នេះ អង្គភាព​យកមកប្រើ​ប្រាស់​ក្នុងការ​អន្តរាគមន៍​ជួយសង្គ្រោះ​មហន្តរាយ​នានា ក៏ដូចជា​មធ្យោបាយ​នាំ​ផ្លូវ​ជាដើម។​ ឯកឧត្តម ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា បន្តថា កន្លងមក​អង្គភាព​មូលដ្ឋាន​សមុទ្រ​បាន​ចូលរួម​ការងារ​សង្គម​ជាច្រើន​ដូចជា ការងារ​កាកបាទក្រហម Covid-១៩ និង​មូលនិធិ​គន្ធបុប្ផា​ជាដើម ពិសេស​ជួយ​ដល់​គ្រួសារ​ទ័ព​ដែលមាន​ជីវភាព​ខ្វះខាត ។ ម្យ៉ាងទៀត​មូលដ្ឋាន​សមុទ្រ​បាន​ពង្រឹង​វិន័យ​ចំពោះ​នាយ​នា​វី និង​ពល​នាវិក មិនត្រូវ​ប្រើប្រាស់​គ្រឿងញៀន ប្រសិនបើ​រកឃើញ​ប្រព្រឹត្ត​គ្រឿងញៀន​​ត្រូវ​បណ្តេញចេញ និង​មិន​អនុញ្ញាតឱ្យ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ។


​​លោក​ឧកញ៉ា លឹម ហ៊ុយ​ឡេង មានប្រសាសន៍ថា ដោយ​មើលឃើញ​នូវ​ការខ្វះខាត​រថយន្ត​ស៊ី​រ៉ែ​ន​នាំ​ផ្លូវ ទើប​លោក​ឧកញ៉ា​បាន​ឧបត្ថម្ភ​រថយន្ត​នេះ ដើម្បីឱ្យ​អង្គភាព​មូលដ្ឋាន​សមុទ្រ​មាន​រថយន្ត​ស៊ី​រ៉ែ​ន​នាំ​ផ្លូវ ដើម្បី​ប្រើ​ជា​ប្រយោជន៍​ក្នុង​មូលដ្ឋាន​សមុទ្រ ក៏ដូចជា​ប្រយោជន៍​សម្រាប់​ការពារ​សន្តិសុខ សុវត្ថិភាព​សង្គម​ជូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ព្រោះ​តំបន់​រាម ជា​តំបន់​ដែលមាន​សក្តានុពល​ខាង​វិស័យ​ទេសចរណ៍ និង​វិនិយោគ​នៅពេល​ខាងមុខ ។​​


​ក្នុងឱកាស​នោះ​លោក ហ៊ិ​ន ត្រឹង ហៅ ហេង សុ​វណ្ណា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​ព្រៃនប់ និង​លោកស្រី ហួត ស៊ីថា បាន​នាំយក​ម៉ាស៊ីន​ស្កេ​ន​វាស់​កម្ដៅ មួយគ្រឿង ជែ​លលា​ង​សម្អាត​ដៃ​មួយចំនួន និង​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល ជូន​កង​អន្តរាគមន៍​នៃ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ ផងដែរ ៕ by AKP

អត្ថបទដែលជាប់ទាក់ទង