អង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្ដាលបានរៀបចំពិធីសំណេះសំណាលនាយទាហ៊ាននាយទាហ៊ានរងនឹងពលទាហ៊ាន

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត។

នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៅអង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្ដាលទាំងមូលដោយ មានការសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ ជាមួយស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានសំដៅការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ពិសេសចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្ដមអភិបាលខេត្តក៏បានស្នើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនរៀនសូត្រ ឲ្យដល់កងកម្លាំង ទាំងយុទ្ធវិធីបច្ចេកទេស គោលនយោបាយអប់រំចិត្តសាស្ត្រ ការងារផែនទីភូមិសាស្ត្រ ដើម្បីបង្កើនការយល់ដឹង និងសមត្ថភាព សំដៅឲ្យយោធិនគ្រប់រូបមានគោលជំហរ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការពារជាតិមាតុភូមិ ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។

ឯកឧត្ដមអភិបាលខេត្តក៏បានជំរុញលើការបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីបង្កើនប្រភពចំណូលធានាដល់ជីវភាពរស់នៅរបស់កងទ័ពឲ្យបានល្អប្រសើរថែមមួយកម្រិតទៀត និងលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការងារជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន គ្រួសារអតីតយុទ្ធជន និងគ្រួសារយោធិនដែលជួបការខ្វះខាត តាមរយៈការជួយឧបត្ថម្ភជាថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ ការលើកទឹកចិត្ត ការផ្ដល់ព័ត៌មាន និងការចូលរួមចំណែករាល់ការងារផ្សេងៗក្នុងពេលប្រជាពលរដ្ឋជួបការលំបាក ហើយត្រូវបន្តយកចិត្តទុកដាក់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងអង្គភាព និងសហគមន៍ ដោយបន្តសំអាតអនាម័យជាប្រចាំ លាងដៃ និងសាប៊ូ ជែល ឬអាគុល ឲ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាសជានិច្ចនៅពេលធ្វើដំណើរ ឬនៅជុំគ្នាច្រើន ព្រមទាំងរក្សាគម្លាតពីគ្នាយ៉ាងតិចអោយបានមួយម៉ែត្រកន្លះឡើងទៅ៕ អរគុណសន្តិភាព









