រដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះត្រួតពិនិត្យដំណើរការសេវានៅមណ្ឌលចត្តាឡីស័កនាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ
ខេត្តបន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង និងគណប្រតិភូ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យដំណើរការមណ្ឌលចត្តាឡីស័កកម្រឹត១ និងកម្រឹត២ លើពលរដ្ឋកម្ពុជាដែលត្រឡប់ពីប្រទេសថៃ នៅខេត្តនានាជាប់ព្រំដែនកម្ពុជា.ថៃ ដូចជានៅខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងប្រតិភូបានចុះត្រួតពិនិត្យជាក់ស្តែង ស្តាប់របាយការ វាយតម្លៃ ហើយឆ្លើយតបលើដំណើរការសេវាសុខាភិបាលនៃមណ្ឌលចត្តាឡីស័កកម្រឹត១(QC1) និងកម្រឹត២ (QC2) ថ្នាក់ស្រុក/ក្រុងនិងថ្នាក់ខេត្តនានា។
គួរបញ្ជាក់ថា ដំណើរបេសសកម្មនេះ បានធ្វើឡើងបន្ទាន់នៅបន្ទាប់ពីរកឃើញវិជ្ជមានមេរោគកូវីត.១៩ លើពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ខណៈមានការផ្ទុះករណីថ្មីៗជាច្រើននៃព្រឹត្តិការរណ៍កូវីត.១៩ សហគមន៍ថៃនាពេលនេះ ។
លុះដល់ពេលព្រលប់ថ្ងៃខែដដែល លោកបានទៅដល់ខេត្តបន្ទាយមានជ័យទៀត ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋមន្ត្រីនិងគណប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងពាក់ព័ន្ធ ។
ក្នុងនោះមានត្រួតពិនិត្យនៅមណ្ឌលចត្តាឡីស័កកម្រឹត២(QC2 ) ថ្នាក់ខេត្តនាអគារមហាវិទ្យាល័យសុខាភិបាល នៃសាកលវិទ្យាល័យជាតិមានជ័យ នៅសង្កាត់ទឹកថ្លា ដែលមានចំណុះទទួលបានជាង ១០០នាក់ និងនៅគម្រោងមណ្ឌលមួយទៀតនាអតីតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈស៊ីវរ(CWAR)កងវ៉ា នាសង្កាត់កំពង់ស្វាយក្នុងក្រុងសិរីសោភ័ណ ដែលមាន ៨អគារ ក្នុង ១អគារមាន ៨បន្ទប់ ។ហើយអាចទទួលបានជាង ១០០នាក់ ។
ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ជម្រាបជូនថា ក្រុមការងារចម្រុះនៃគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត.១៩ ខេត្តនិងស្រុក.ក្រុង បាននឹងកំពុងខិតខំបំពេញការងារបន្ទាន់លើការងារផ្តល់សេវាដឹកជញ្ជូន សេវាសុខាភិបាលជូនពលរដ្ឋខ្មែរដែលបានត្រឡប់មកពីប្រទេសថៃរាល់ថ្ងៃ។
ក្នុងនោះមានពលរដ្ឋដែលរមានលំនៅនៅខេត្តបន្ទាយមានជ័យ និងខេត្ត.រាជធានីនានា ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនិងស្ថិតនៅក្នុងមណ្ឌលរយៈពេល ១៤ថ្ងៃ ។
ក្នុងនោះ នៅខេត្តនេះ មានមណ្ឌលចត្តាឡីស័កកម្រឹត១ និងកម្រឹត២ ថ្នាក់ស្រុក ក្រុង ថ្នាក់ខេត្តនៅតាមសាលារៀន មន្ទូីរពេទ្យឬកន្លែងផ្សេងទៀតចំនួន ១២កន្លែង ហើយបាននឹងកំពុងរៀបចំទីតាំងថ្មីៗបន្ថែមទៀត នៅគ្រប់ស្រុកក្រុងតែម្តង ។
លោកបានបន្តថា នោះមកពីមណ្ឌលនិមួយៗ សុទ្ធតែទទួលពលករខ្មែរ លើសចំណុះទៅហើយ ពោលគឺពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលតាមច្រកព្រំដែននៅខេត្តបន្ទាយមានជ័យ មានចំនួនជាមធ្យម ២០០នាក់/១ថ្ងៃ ។
ក្នុងនោះដែរ រដ្ឋបាលខេត្តក៏បាននឹងកំពុងត្រៀមសម្រួលផ្លាស់ប្តូរទីតាំងមណ្ឌលចត្តាឡីស័កនៅតាមសាលារៀននានា ព្រោះនឹងប្រគល់ដោយផ្នែកឲ្យមន្ទីរអប់រំវិញ សម្រាប់បើកបវេសនកាលឆ្នាំសិក្សា២០២១-២២ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដ័ខ្លីខាងមុខ ។
លោកវេជ្ជបណ្ឌិត អ៊ាវ ដារាវុធ ប្រធានមន្ទូីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ប្រាប់សារព័ត័មានថា នៅត្រឹមយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ មានពលរដ្ឋខ្មែរ(ពលករខ្មែរ)ត្រឡប់ពីថៃកំពុងធ្វើចត្តាឡីស័កនិងស្នាក់នៅ ១៣៧នាក់/ស្រី ៦២នាក់ ក្នុងនោះពលរដ្ឋរស់នៅក្នុងក្រុងសិរីសោភ័ណចំនួន ៨៤នាក់/ស្រី ៤0នាក់ ។
ក្នុងនោះ នាថ្ងៃនេះ មានករណីឡើងក្តៅខ្លួនខ្លាំង សង្ស័យកូវីត.១៩ ចំនួន ៦ករណីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើមយកវត្ថុសំណាក់រកមេរោគកូវីត.១៩ ។
នាឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីក្រុមការងារគ្រប់ផ្នែកនៃគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត.១៩ ខេត្តនិងស្រុកក្រុងដែលបានខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ បានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ ពោលគឺស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកបានស្នើឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ៕ អរគុណសន្តិភាព