សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អំណោយអគារសិក្សា១ខ្នង ពីរជាន់ដល់​វិទ្យាល័យយសម្តេចហេងសំរិន អន្លង់ជ្រៃ និងបានអញ្ជើញពិនិត្យការ​សាងសង់​អាងចម្រោះ​ទឹកស្អាតនៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យការកសាងសមិទ្ធផលនានា នៅតាម​មូលដ្ឋាន នៅក្នុងនោះ សម្តេចបានចុះពិនិត្យ ការសាងអាងចម្រោះទឹកស្អាត នៅក្នុងឃុំ​ជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងបានអញ្ជើញទៅពិនិត្យសកម្មភាពសិក្សានៅ វិទ្យាល័យ​សម្តេចហេងសំរិន អន្លង់ជ្រៃ នៅក្នុងខេត្តត្បូងឃ្មុំ។

តបតាមសំណូមពររបស់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងភាពចាំបាច់របស់វិទ្យាល័យ ដែលមានកំណើនសិស្សចូលសិក្សាកើនឡើងជារៀងឆ្នាំ សម្តេចនិង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានផ្តល់ជូនជាចំណងដៃឆ្នាំថ្មី ដល់វិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ នូវអគារសិក្សាថ្មីចំនួន ១ខ្នង កម្ពស់ពីរជាន់ ស្មើនឹង ១២បន្ទប់ បន្ថែមទៀត។

ឆ្លៀតឱកាសអញ្ជើញចុះពិនិត្យការកសាងសង់សមិទ្ធផលនៅតាមមូលដ្ឋាននេះ សម្តេច​ប្រធាន​អគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវ ដល់ប្រជាពលរដ្ឋថែរក្សាសុខភាព ដោយទទួលទានទឹក ចំណីអាហារស្អាត ពិសេសត្រូវយកចិត្តទុកដាក់ធ្វើអនាម័យ​នៅក្នុង​ការរស់នៅ ក្នុងពេលដែលសកលលោក កំពុងរាតត្បាតដោយជំងឺកូវីដ១៩ នេះ ត្រូវគោរព​តាម​វិធានការណែនាំ របស់ក្រសួងសុខាភិបាលជាប្រចំា កុំធ្វេសប្រហែសឲ្យសោះ។

សម្តេចបានជំរុញប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចូលរៀន ត្រូវទៅចុះឈ្មោះ​ចូល​រៀន​ឲ្យបានគ្រប់គ្នា នៅក្នុងឱកាសបវេសនកាលខាងមុខនេះ។ សម្តេចលើកឡើងថា ចំណេះ​វិជ្ជាមានតម្លៃបំផុតនៅក្នុងការរស់នៅ សម្តេចអគ្គមហា​ពញា​ចក្រីហេង សំរិន បាន​មាន​ប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាពសាលារៀន មន្ទីរពេទ្យ ទឹកស្អាត បានខិតជិត​មក​កាន់តែជិតប្រជាពលរដ្ឋ បង្កការងាយស្រួលដល់ការរស់នៅរបស់​ប្រជាជននៅគ្រប់​តំបន់ មិនថាទីជនបទនោះឡើយ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានជំរុញដល់ប្រជាពលរដ្ឋបង្កើនការដាំដុះ និង​ចិញ្ចឹម​សត្វនានា សម្រាប់ផ្គត់ផ្គង់តម្រូវការប្រចំាថ្ងៃ និងជាការលើកកម្ពស់ប្រាក់​ចំណូល​គ្រួសារ​ផង សម្តេចបានលើកទឹកចិត្តដល់អាជ្ញារមូលដ្ឋានពាក់ព័ន្ធបន្តយកចិត្តទុកដាក់ឲ្យ​បានខ្ពស់ក្នុងការបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ មានប្រសិទ្ធិភាពនិងទាន់​ពេល​វេលា​​តាមមត្រូវ​ការ​របស់ម្ចាស់ឆ្នោត៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង