អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យ និងដាក់បទបញ្ជាយ៉ាងរឹងមាំនៅតាមច្រករបៀងសំខាន់ៗ មិនថាផ្លូវគោក ឬផ្លូវទឹក

ខេត្តកោះកុង៖ ថ្ងៃសុក្រទី១ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំស្នងការនគរបាល មន្ទីរជំនាញ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងលោកអភិបាលស្រុកមណ្ឌលសីមា ចុះពិនិត្យ និងដាក់បញ្ជាយ៉ាងមាំទាំ ដល់អភិបាលក្រុងស្រុក ពិសេសកម្លាំងកងនគរបាលតាមច្រករបៀងសំខាន់មិនថាផ្លូវគោក ឬផ្លូវទឹក បង្កើនការប្រុងប្រយ័ត្នចូលរួមទប់ស្កាត់ និងតាមដានពលករអាចមានការលួចឆ្លងដែនដោយខុសច្បាប់។
លោកជំទាវអភិបាលខេត្តកោះកុង គូសបញ្ជាក់ពីផលវិបាកធ្ងន់ធ្ងរ បើមិនអាចកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ជាយថាហេតុ អាចឲ្យមានការបិទសាលារៀន ឈានទៅបិទភូមិស្រុក ផលិតផលមិនអាចលក់ចេញបាន ភ្ញៀវទេសចរក៏មិនអាចមកលេង ដែលអាចប៉ះពាល់ចំណូលសេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត។
ថ្នីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ក៏បានបញ្ជាឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនថៃ ត្រូវគ្រប់គ្រងលំហូរពលករខ្មែរដែលវិលត្រឡប់ពីថៃ ត្រូវឆែកសុខភាពឲ្យបានហ្មត់ចត់បំផុត ធ្វើតេស្តសំណាក និងត្រូវធ្វើចត្តាឡីស័កឲ្យគ្រប់ ១៤ ថ្ងៃ ជាចាំបាច់ ដើម្បីការពារការឆ្លងរាលដាលក្នុងប្រទេស៕ ប្រភព៖ រដ្ឋបាលខេត្ត



