កំពីងត្នោតបាត់ដំបង ជាអាហារ តដូនតាខ្មែរ នៅតែពេញនិយមសម្រាប់អ្នកទិញទទួលទាន
ខេត្តបាត់ដំបង៖ កំពីងត្នោត ជាអាហារដ៏ពេញ និយមមួយសម្រាប់ប្រជាពលរដ្ឋខ្មែរទិញយកមកទទួលទាន ដែលមានរសជាតិផ្អែម ឈ្ងួយឆ្ងាញ់ ជាប់មាត់ ញ៉ុំា១ហើយ ចង់ញ៉ុំាមួយទៀត ។
អាហារធម្មជាតិ ប្រភេទនេះ ក្រៅពីទទួលទានឆ្អែត វាក៏ជួយសុខភាពផងដែរ ធ្វើឱ្យត្រជាក់សាច់ នេះបើតាមអ្នកប្រកបរបរ ផ្សាំនឹងលក់កំពីងត្នោត។
អ្នកស្រី ធៀម វ័យ៣០ឆ្នាំ ដែលប្រកបរបរលក់កំពីងត្នោតនៅផ្សារបឹងឈូក ខេត្តបាត់ដំបង បាននិយាយថា កំពីងត្នោតនៅតែពេញនិយមសម្រាប់ប្រជាជនខ្មែរ ទិញទទួលទាន ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ ។ អ្នកស្រីបញ្ជាក់ថា គាត់លក់កំពីងត្នោតនេះដាច់ណាស់ គឺលក់ម្ដងៗ ប្រមាណ២០ស្លឹក ស្មើនឹង ៨ ០០០គ្រាប់ ក្នុងមួយគ្រាប់លក់ចេញ ៤០០រៀល ។
ស្រ្តីវ័យកណ្តាលរូបនេះបានឱ្យដឹងថា ប្ដីរបស់គាត់បានប្រមូលទិញផ្លែត្នោតទុំពីអ្នកស្រុក ក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ក្នុងមួយផ្លូន ២០០០រៀល យកមកគរនិងចាក់ទឹក ថែទាំរយៈពេលបីខែ ទើបគ្រាប់ត្នោតដុះ អាចយក កំពីងមកលក់បាន។
អ្នកស្រីបញ្ជាក់ថា ត្នោតទុំដែលប្រមូលទិញ យកមកបណ្តុះបានក្នុងមួយរដូវៗ ចាប់ពីដើមឆ្នាំ ដល់ខែចែត្រ គឺអស់ត្នោតទុំហើយ ។ នៅពេលដែលត្នោតដុះអាចកាប់យកកំពីងបាន ប្ដីរបស់គាត់ ច្រកកំពីងត្នោតដាក់ការ៉ុងផ្ញើ តាមឡានឈ្នួល មកឱ្យអ្នកស្រី លក់នៅផ្សារបឹងឈូក ខេត្តបាត់ដំបង ជារៀងរាល់ថ្ងៃ ដោយអ្នកស្រីចាំលក់នៅទីនោះផ្ទាល់តែម្ដង ។
ដើមត្នោតជាអត្តសញ្ញាណជាតិខ្មែរមួយ ដែលផ្តល់ផលប្រយោជន៍តាំងគល់ដល់ចុង សម្រាប់ ប្រជាជនខ្មែរតាំងពីសម័យបុរាណមក។ ដើមត្នោត អាចធ្វើគ្រឿងសង្ហារឹម ផ្ទះ ទូក អំបោស ស្លឹកធ្វើជាមួក ឬឧបករណ៍ប្រើប្រាស់ផ្សេងៗ ចំណែកផ្កាត្នោត កៀបយកទឹក ធ្វើស្ក ផ្លែខ្ចី ឬទុំធ្វើបង្អែម ឬបេះទទួលទានជាដើម ៕ by AKP