Detail Top Banner

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត បានរៀបចំដាក់លើយន្តហោះរួចរាល់ហើយ នៅរសៀល

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត បានរៀបចំដាក់លើយន្តហោះរួចរាល់ហើយ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីត្រៀមចេញដំណើរនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។

លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ដថា «នេះជាលើកទី៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស១លាន និងសម្ភារមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤ មករាខាងមុខនេះ»

លោកជំទាវ យក់ សម្បត្ដិ បានថ្លែងបន្ដថា អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

លោកជំទាវបានគូសបញ្ជាក់ថា ដោយបច្ចុប្បន្ននេះ ប្រទេសនេប៉ាល់ កំពុងតែប្រឈមមុខខ្ពស់នូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដូច្នេះសម្ភារបរិក្ខាររបស់កម្ពុជាយើង នឹងចូលរួចចំណែកក្នុងការទប់ស្កាត់បានមួយចំណែកផងដែរ។

លោកជំទាវបានបន្ដថា «សម្រាប់កម្ពុជា ក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្ដេចតេជោ ប្រទេសយើងបានគ្រប់គ្រងបានយ៉ាងទាន់ពេលវេលា ក្នុងការទប់ការស្កាត់រីករាលដាលទ្រង់ទ្រាធំ ក៏ប៉ុន្ដែ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើង បន្ដគោរពឱ្យបានខ្ជាប់ខ្ជួន នូវវិធានការពារនានារបស់ក្រសួងសុខាភិបាល ខណៈដែលប្រទេសថៃ កំពុងតែមានការករណីឆ្លងថ្មីកាន់តែច្រើន។

សូមជម្រាបថា ជំនួយម៉ាស និងសម្ភារបរិក្ខាពេទ្យរបស់កម្ពុជា នឹងត្រូវដឹកតាមជើងយន្តហោះ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ គឺតំណាងកម្ពុជា ដែលដឹកនាំយកជំនួយនេះទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសនេប៉ាល់ គឺ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។

សូមរំលឹកថា នេប៉ាល់ ជាប្រទេសទី៤ហើយ ដែលកម្ពុជា បានផ្តល់ជំនួយម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយជាម៉ាស និងបរិក្ខារពេទ្យជូនដល់បណ្តាប្រទេសចំនួន ៣ផងដែរ។ រួមមានរដ្ឋាភិបាលឡាវ បានផ្តល់ម៉ាស់ចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួន, រដ្ឋាភិបាលមីយ៉ាន់ម៉ា ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន និង រដ្ឋាភិបាលទីម័រឡេស្ត ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន។

ជំនួយសម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនដល់បណ្តាប្រទេសជាមិត្ត ជាការបង្ហាញឱ្យឃើញនូវកាយវិការមនុស្សធម៌របស់កម្ពុជា និងជាស្មារតីចូលរួមដ៏មុតមាំមួយរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង