ឯកឧត្តម ជុំ កុសល បានលើកឡើងថា « ស្តារឡើងវិញ រៀបចំប្រទេសជាតិឡើងវិញ » កំចាត់អ្នកជាប់និន្នាការចាស់ បង្កើតច្បាប់ថ្មី កម្ពុជាធ្លាប់បានឆ្លងកាត់រួចមកហើយ
នយោបាយ៖ ពាក្យ « ស្តារឡើងវិញ រៀបចំប្រទេសជាតិឡើងវិញ » របស់អ្នកនយោបាយគឺ ៖ – ប្តូររបប , បំផ្លាញសមិទ្ធផលចាស់ , កំចាត់អ្នកជាប់និន្នាការចាស់ , បង្កើតច្បាប់ថ្មី អ្វីៗគឺចាប់ផ្តើមរាប់ពីលេខ១ឡើងវិញ ។ នេះគឺជារឿងដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចមកហើយ ។
ពេល លន់ ណុល ធ្វើរដ្ឋប្រហារសម្តេចព្រះ នរោត្តម សីហនុ លន់ ណុល ក៏បានប្រើពាក្យនេះ ។
ឯ ប៉ុល ពត ពេលបានអំណាចក្នុងដៃហើយក៏បានប្រើពាក្យនេះ គឺស្តារទាំងស្រុងតែម្តង បំផ្លាញ សម្លាប់ និង បង្ខំឲ្យបង្កើតមនុស្សថ្មី ជាមនុស្សរបស់អង្គការ ចាក់បញ្ចូលមនោគមវិជ្ជានយោបាយរបស់អង្គការ ដើម្បីបម្រើអង្គការ ។
ក្នុងបរិបទបច្ចុប្បន្នភាព យើងគ្រាន់តែឮពាក្យ « ស្តារនិងរៀបចំប្រទេសឡើងវិញ » ដែលអតីតមេដឹកនាំគណបក្សប្រឆាំងបាននិយាយទាំងកាលពួកគេនៅមានសកម្មភាពស្របច្បាប់ និងក្រោយពេលត្រូវបានតុលាការកំពូលរំលាយ ហើយកំពុងធ្វើសកម្មភាពបែបឧទ្ទាមសព្វថ្ងៃនេះ ក៏នឹកទៅដល់អតីតកាលដែលយើងបានដឹងនិងឆ្លងកាត់រួចហើយ ។ មិនខុសគ្នាពីអតីតកាលទេ អ្វីដែលជាផែនការរបស់គេត្រូវធ្វើគឺ ៖ ផ្តួលរំលំដោយអំណាចប្រជាពលរដ្ឋ ( People power ) ហើយគេក៏បានធ្វើរួចហើយដែរកាលពីឆ្នាំ២០១៣ តែមិនជោគជ័យ ។ បច្ចុប្បន្ន គេនៅតែបន្តអនុវត្តផែនការផ្តួលរំលំនេះដដែល តាមរយៈការញុះញង់ពីខាងក្រៅ បំភ្លៃ បំផ្លើស បំប៉ោង សំអុយ បញ្ឆេះកំហឹង ។ល។ រហូតដល់ថ្នាក់មេឧទ្ទាម សម រង្សុី ប្រមាថព្រះមហាក្សត្រ ប្រកាសក្តែងៗ ធ្វើរដ្ឋប្រហារប្តូររបប អំពាវនាវកងកម្លាំប្រដាប់អាវុធឲ្យបង្វែរកាណុងប្រឆាំងរាជរដ្ឋាភិបាលជាដើម ។
យើងមិនបរិយាយច្រើនជាងនេះទៀតទេ គ្រាន់តែរម្លឹកបន្តិចបន្តួចប៉ុណ្ណោះ ។ ជាសរុបមកវិញគឺ ចូរយើងរក្សាកម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីឲ្យបានយូរអង្វែងទៅមុខទៀតគ្មានថ្ងៃកែប្រែ ៕