Detail Top Banner

Updating ឈាមស្រែក ស្បែកហៅ !!! ឃាតកចាក់សំលាប់ក្មេងស្រីអាយុ១៨ឆ្នាំ សមត្ថកិច្ចចាប់បាន

ខេត្តកណ្តាល ៖ ឃាតកម្មដ៏សាហាវយង់ឃ្នងមួយបានកើតឡើងកាលពីវេលាម៉ោង០៧និង១០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ៨ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបង្កឡើងដោយឃាតករដៃឆៅម្នាក់បានយកកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ចាក់ជាច្រើនកាំបិត លើដើមទ្រូង និងពោះនារីរងគ្រោះ បណ្តាយឲ្យដេកស្លាប់ក្នុងថ្លុកឈាម។
ក្រោយពីទទួលបានព័ត៌មានជុំវិញករណីឃាតកម្មនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចុះស្រាវជ្រាវឈានដល់ការចាប់ខ្លួនឃាតករបានភ្លាមៗនៅព្រឹកកើតហេតុនេះតែម្ដង។ ជនសង្ស័យឈ្មោះ ទូច សុជាតិ ហៅម៉ាប់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ ផេង បញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិសង្កាត់កើតហេតុ ។
តាមប្រភពព័ត៌មានពីលោកឧត្ដមសេនីយ៍ទោស្នងការខេត្តបានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោងប្រហែល ៦និង៣០នាទី ក្រុមគ្រួសាររបស់ជនរងគ្រោះមានឪពុកម្តាយនិងប្អូនប្រុស បាននាំគ្នាចេញ ទៅធ្វើការអស់ នៅសល់តែជនរងគ្រោះនិងប្អូនប្រុសម្នាក់ឈ្មោះ ផេង រិនណារ៉ុង អាយុ១០ឆ្នាំ។
បន្ទាប់មកជនរងគ្រោះបានប្រើប្អូនប្រុសឲ្យជិះ កង់ទៅទិញបាយស្រូប យកមកញ៉ាំទាំងអស់គ្នា នៅពេល​ទិញបាយរួចហើយ ប្អូនប្រុសក៏យកបាយមកឲ្យជនរងគ្រោះវិញ ក៏ឃើញជនរង គ្រោះនៅក្នុងបន្ទប់តែពីរនាក់ជាមួយជនសង្ស័យ ពេលនោះជនរងគ្រោះបានប្រាប់ប្អូនថា កុំអាលទាន់ចូល ចំណែកជនសង្ស័យក៏​បាន​ប្រើប្អូនជនរងគ្រោះឲ្យទៅទិញបារីសេកចំនួន ៥០០រៀល នៅពេលទិញបារីរួចហើយ ប្អូនប្រុសជនរងគ្រោះត្រឡប់មកវិញក៏ឃើញជនសង្ស័យឈរនៅផ្លូវចូលមុខផ្ទះជួល រួចហើយប្អូនជនរងគ្រោះក៏បានហុចបារីឲ្យ ហើយក៏ចូលទៅមើលក្នុងបន្ទប់ ក៏ឃើញជនរងគ្រោះដេកលើឥដ្ឋមានឈាមពេញលើទ្រូង ក៏បានស្រែក​ហៅជនសង្ស័យឲ្យមកជួយមើល ហើយនៅពេលមកដល់ជនសង្ស័យក៏បានស្រែកហៅអ្នកជិតខាងឲ្យមក​ជួយមើលទៀត បន្ទាប់មកជនសង្ស័យក៏បានលើកបីសពយកទៅពេទ្យតែម្តង។
តាមចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ជនសង្ស័យពិតជាបានយកកាំបិតចុងស្រួចដងជ័រ ពណ៌ខ្មៅ ចាក់សម្លាប់ជនរងគ្រោះជាច្រើនកាំបិតលើដើមទ្រូង និងពោះបណ្តាយឲ្យដេកស្លាប់ក្នុងថ្លុកឈាម ប្រាកដ​មែន​ដោយសារតែខ្លួនធ្លាប់ចាប់រំលោភជនរងគ្រោះ ហើយជនរងគ្រោះមានបំណងចង់ប្រាប់ដល់ម្តាយឲ្យបានដឹងនិងថ្ងៃកើតហេតុចង់រំលោភម្តងទៀត តែជនរងគ្រោះមិនព្រម។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីចាត់ការតាមនិតិវិធី ៕
អត្ថបទដែលជាប់ទាក់ទង