Updating លោកផ្កាយ១ ហេង គាហុង ជាម្ចាស់មន្ទីរពេទ្យ សម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល យកកាំភ្លើងវាយក្បាលសន្ដិសុខឲ្យរងរបួសធ្ងន់ ដោយសារតែស្បែកជើង

ខេត្តកណ្ដាល ៖ ជើងខ្លាំងជាយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យដួលសន្លប់ ត្រូវបានសមត្ថកិច្ចបង្ហាញហើយ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធានៅអយ្យការយោធា ជនបង្កខាងលើបានធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋស្អប់ខ្ពើមបំផុត ចំពោះទង្វើអសីលធម៌ និងប៉ះពាល់ដល់សង្គមដ៏ធ្ងន់ធ្ងរ។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានប្រាប់ ឲ្យដឹងកាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះថា ដើមចមដែលនាំឲ្យមន្ដ្រីយោធារូបនោះ ដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកក្បាលដួលសន្លប់ក្នុងថ្លុកឈាមនោះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ហើយជនបង្កហៅប្រធានសន្ដិសុខមកដោះស្រាយ តែប្រធាននោះពន្យាពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បារតែម្ដង។

បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នូល កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ជុំវិញករណីអំពើហិង្សាដែលបង្កដោយមន្ដ្រីយោធាពាក់ផ្កាយមួយនេះ ត្រូវបានប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមមានការហួសចិត្ត និងសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំង ដោយពួកគាត់ទទូចឲ្យស្ថាប័នមានសមត្ថកិច្ច មេត្ដាផ្ដន្ទាទោសតាមផ្លូវច្បាប់ចំពោះជនបង្កឲ្យបានម៉ឹងម៉ាត់ ព្រោះករណីនេះមិនគួរឲ្យកើតមានទាល់តែសោះនៅក្នុងសង្គមខ្មែរ។

គួរជម្រាបថា មន្ដ្រីយោធាពាក់ផ្កាយមួយម្នាក់ និងត្រូវជាម្ចាស់មន្ទីរសម្រាកព្យាបាល និង សម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានដកកាំភ្លើងខ្លីវាយក្បាលសន្ដិសុខម្នាក់ បណ្ដាលឲ្យដួលសន្លប់ក្នុងថ្លុកឈាម ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។

បច្ចុប្បន្នជនបង្កត្រូវសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនបានភ្លាមៗ និងធ្វើកំណត់ហេតុ និងស្ដាប់ចម្លើយសារភាព ដើម្បីបន្តនីតិវិធី ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

ប្រភពគួរឱ្យជឿទុកចិត្តបញ្ជាក់ថា លោកផ្កាយ ១ ហេង គាហុង ជាម្ចាស់គ្លីនិកខាងលើ ជាប្អូនថ្លៃថ្នាក់ដឹកនាំជាតិមួយរូបទៀតផង ដែលមតិមួយចំនួនបានលើកឡើងថា តើស្ថាប័នតុលាការអាចចាត់ការក្នុងរឿងនេះ ផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងលុបបំបាត់និទណ្ឌភាពនៃការប្រព្រឹត្តបទល្មើសក្នុងសង្គមបានទេ បន្ទាប់ពីមន្ត្រីនគរបាលយុត្តិធម៌កសាងសំណុំរឿងបញ្ជូនទៅតុលាការនោះ។

អំពើដ៏ឃោរឃៅមួយនេះ ប្រជាពលរដ្ឋរង់ចាំមើលពី វិធានការអនុវត្តច្បាប់ទៅលើជនបង្ក តើត្រូវរួចខ្លួន ឬត្រូវធ្វើការផ្ដន្ទាទោស? និងមានការស្ងើចសរសើរចំពោះចំណាត់ការរបស់នគរបាលស្រុកអង្គស្នួលខេត្តកណ្ដាល ចាត់ការឃាត់ខ្លួនបានទាន់ពេលវេលា ៕
