បញ្ជាការដ្ឋានទ័ពពិសេស (អតីតកងពលតូចទ័ពពិសេសឆត្រយោង៩១១) នៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានចេញលិខិតបដិសេធចោលទាំងស្រុង
បញ្ជាការដ្ឋានទ័ពពិសេស៖ បញ្ជាការដ្ឋានទ័ពពិសេស (អតីតកងពលតូចទ័ពពិសេសឆត្រយោង៩១១) នៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានចេញលិខិតបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានបានចុះផ្សាយថា យោធិនក្នុងបញ្ជាការដ្ឋានទ័ពពិសេស ជាឃាតករបាញ់សម្លាប់មន្ត្រីនគរបាល ក្នុងបញ្ហាទំនាស់គ្រោះថ្នាក់ចរាចរនៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
តាមលិខិតបដិសេធ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅយប់នេះ បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានបញ្ជាការដ្ឋានទ័ពពិសេស (អតីតកងពលតូចទ័ពពិសេសឆត្រយោង៩១១) សូមធ្វើការបដិសេធ និងបញ្ជាក់ថា ឃាតករដែល បានបាញ់សម្លាប់មន្ត្រីនគរបាល ក្នុងបញ្ហាទំនាស់គ្រោះថ្នាក់ចរាចរ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ពុំមែនជាយោធិន នៅក្នុងបញ្ជាការដ្ឋានទ័ពពិសេសនោះទេ។
យើងខ្ញុំទាំងអស់គ្នា សូមបដិសេធដាច់អហង្កា ចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គម Facebookមួយចំនួន ដែលចេះតែស៊ែរបន្តគ្នា និងប្រឌិតព័ត៌មានក្លែងក្លាយ ថាជនល្មើសរូបនោះ ជាយោធិនរបស់បញ្ជាការដ្ឋានទ័ពពិសេស និងមានឋានន្តរស័ក្តិជាឧត្តមសេនីយត្រី ជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស អង្គភាពរបស់យើងខ្ញុំ ហេតុនេះសូមម្ចាស់គណនី Facebook ទាំងនោះ កែតម្រូវព័ត៌មាននោះជាថ្មីឡើងវិញ រង់ចាំសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ជនល្មើសយកមកផ្តន្ទាទោសទៅតាមច្បាប់។
បើសិនជានៅតែមានម្ចាស់ Facebook ណាបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលគ្មានប្រភពជាក់លាក់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពរបស់យើងខ្ញុំ យើងខ្ញុំទាំងអស់ គ្នាជានាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងបញ្ជាការដ្ឋានទ័ពពិសេស សូមប្ដឹងដល់ក្រសួងមានសមត្ថកិច្ច ពិសេសសមត្ថកិច្ចផ្នែកព័ត៌មានវិទ្យា វែកមុខរកម្ចាស់គណនី Facebook នោះ យកមកផ្តន្ទាទោសចំពោះមុខច្បាប់ជាធរមាន»៕