សូមប្រុងប្រយ័ត្ន សីតុណ្ហភាពចុះត្រជាក់រហូតដល់ ១២អង្សាសេនៅខេត្តចំនួន៥ ដែលស្ថិតនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៃប្រទេសកម្ពុជា
ខេត្តចំនួន៥ ដែលស្ថិតនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៃប្រទេសកម្ពុជា នឹងមានសីតុណ្ហភាពចុះត្រជាក់រហូតដល់ ១២អង្សាសេ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករានេះ។
ទ្រនុងសម្ពាធខ្ពស់ពិភាគខាងជើង បាននឹងកំពុងបន្តធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានដែលមានឥទ្ធិពលខ្លាំង បានធ្វើអោយខេត្តចំនួន៥ ដែលស្ថិតនៅតំបន់ជួរភ្នំដងរែនិងខ្ពង់រាបឦសានមានសីតុណ្ហភាពចុះមកក្នុងរង្វង់ ១២អង្សា ទៅ ១៥អង្សា ដែលក្នុងនោះ មានដូចជា ខេត្តមណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ ព្រះវិហារ និង និងខេត្តពោធិ៍សាត់ (ស្រុកវាលរេញ)។
បើទោះបីជាយ៉ាងណា នៅបណ្តាតំបន់វាលទំនាប ក៏ចុះត្រជាក់មិនចាញ់គ្នានោះដែរ ដែលសីតុណ្ហភាពគឺនៅចន្លោះពី ១៦ ទៅ១៩ អង្សាសេ រីឯនៅតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពចន្លោះពី ១៨ទៅ២១អង្សា និងបើតាមការព្យាករណ៍ ណៅថ្ងៃទី១២ ខែមករា នៅលើផ្ទៃសមុទ្រ មានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។
សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុ ជាពិសេសសម្រាប់នេសាទ និងអ្នកដំណើរសមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ ៕