អភិបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការចូលរួមថែរក្សាការពារសុខសន្តិភាពដែលស្វែងរកដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ
ខេត្តព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវអោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋ ត្រូវូចូលរួមថែរក្សាការពារសុខសន្តិភាពអោយបាន ទោះក្នុងតម្លៃណាក៏ដោយ ៤២ឆ្នាំមុន ប្រទេសកម្ពុជារបស់យើង ប្រជាពលរដ្ឋរបស់យើងបានឆ្លងកាត់ បានជួបប្រទះហើយ គឺមហាសែនលំបាកវេទនាខ្លោចផ្សារណាស់ ។
ថ្លែងក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលមានជីវភាពខ្វះខាតរួមមាន៖ ស្ត្រីមេម៉ាយ ក្មេងកំព្រា ជនពិការ ចាស់ជរាគ្មានទីពឹង នៅឃុំស្រអែម ស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អភិបាលខេត្តព្រះវិហារថា៖«៤២ឆ្នាំមុន ថ្ងៃនេះជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា»ដែលបានរួចផុតពីសម័យខ្មៅងងឹត ៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលបងប្អូនជាច្រើន បាត់បង់ឪពុកម្តាយ បងប្អូន កូនចៅនិងញាតិសណ្តានគួរអោយសង្វេគ និងអាឡោះអាល័យបំផុត។
ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងយ៉ាងដូច្នេះទៀតថា៖បងប្អូនជនរួមជាតិយើង ជាស្ត្រីមេម៉ាយ ជាចាស់ជរាគ្មានទីពឹង ជាកូនកំព្រា ជាជនពិការរាប់ម៉ឺនសែននាក់ ដ៍គួរអោយអាណិតអាសូរ ដែលយើងមិនអាចទុកបងប្អូនចោលនោះទេ គឺយើងត្រូវតែមើលថែទំនុកបម្រុង ទោះបីតិចក្តីច្រើនក្តីគឺមិនឲ្យបងប្អូនស្លាប់ដោយសារអត់បាយនោះឡើយ ស្របតាមការណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងគិតគូរ យកចិត្តទុកដាក់ ពីសុខទុក្ខនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី។
ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងជម្រាបជូនបងប្អូនប្រជាពលរដ្ឋទៀតថា៖រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មិនត្រឹមតែអាចការពារកម្ពុជា អោយឆ្លងផុតពីការរីករាលដាលនៃជំងឺកុវីដ.១៩ប៉ុណ្ណោះទេ ប៉ុន្តែអាចគ្រប់គ្រងសេដ្ឋកិច្ចដោយមានប្រសិទ្ធិភាពទៀតផង ដោយកម្ពុជានៅតែមានលទ្ធភាពបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងផ្តល់ជំនួយសង្គមតាមគ្រប់រូបភាពដូចជាការឧបត្ថម្ភចាស់ជរា កម្មករ កម្មការនី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដនេះផងដែរ។
ឯកឧត្តម អភិបាលខេត្តព្រះវិហារ ក៍បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សម្រាប់កាដូឆ្នាំថ្មី២០២១នេះ គឺដំណក់ប្រេងដំបូងបំផុតដែលកម្ពុជាទទួលបាន សម្រាប់ជាប្រភពទុនវិនិយោគក្នុងស្រុក ឆ្ពោះទៅរកការអភិវឌ្ឍន៍និងភាពរុងរឿងតកូនតចៅ ដែលទាំងអស់នេះកើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្វែងរកដោយលំបាក នូវសុខសន្តិភាពមួយនេះជូនជាតិមាតុភូមិ។ ដែលកត្តានេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាការពារសុខសន្តិភាពអោយបានទោះក្នុងតម្លៃណាក៏ដោយ ដើម្បីអោយប្រទេសកម្ពុជាយើង កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត។
ក្រោយចប់ពិធីសំនេះសំនាលរួច ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បន្តដឹកនាំក្រុមការងារខេត្ត ស្រុក និងសមត្ថកិច្ចពាក់ពន្ធ័ អញ្ជើញទៅធ្វើពិធីបួងសួងនៅមុខរួបសំណាកលោកតាឌី នៅលើកំពូលភ្នំប្រាសាទព្រះវិហារ ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនដល់ថ្នាក់ដឹកនាំ ប្រទេសនិងបងប្អូនប្រជាពលរដ្ឋខ្មែរ។ និងបានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន យុទ្ធជន យុទ្ធនារីក្លាហានរបស់យើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសជាតិអោយរួចផុតពីរបបខ្មៅងងឹត៣ឆ្នាំ៨ខែនិង២០ថ្ងៃ៕ ប្រភព៖ រដ្ឋបាលខេត្ត