អភិបាលរាជធានីភ្នំពេញ អំពាវនាវពលរដ្ឋបន្ដរួមគ្នាថែរក្សាសន្ដិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីបន្ដការអភិវឌ្ឍន៍

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជរដ្ឋា​ភិបាល​​​កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីក​ចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែងពេលនេះ រាជធានីភ្នំពេញ មានអគារខ្ពស់ៗ ប្រមាណ​ជាង ២០០០អគារ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសន្តិភាព ដែលសម្ដេចនាយករដ្ឋមន្ត្រីរកមកបានដោយលំបាកនេះ។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន ក្រោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារមណ្ឌល​ចត្តា​ឡី​ស័ក​​រាធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិផ្សារលិច​ សង្កាត់​ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ថ្ងៃ៧ មករា ១៩៧៩-៧ មករា ២០២១ មាន​អាយុ​កាល​​៤២ឆ្នាំ ហើយថ្ងៃ៧ មករា ជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋ កូនចៅជំនាន់ក្រោយ​ទាំងអស់ ត្រូវចងចាំ ព្រោះជាថ្ងៃដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​រំដោះប្រជាពលរដ្ឋ ចេញពីការកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តម ឃួង ស្រេង បានសង្កត់ធ្ងន់ថា សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែរំដោះ​ប្រទេស​​ចេញពីការកាប់សម្លាប់ប៉ុណ្ណោះទេ តែសម្ដេចបានកសាង អភិវឌ្ឍន៍ប្រទេសជាតិ ចេញពីចំណុចសូន្យ ឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យថែមទៀត ដែល​បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងជាប្រចាំ។

សម្រាប់រាជធានីភ្នំពេញ មកដល់ពេលនេះ មានអគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅ មាន​ចំនួន​ជាង ២០០០អគារហើយ នេះបង្ហាញឲ្យពិភពលោកមើលឃើញថា កម្ពុជាមាន​ការ​អភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្ដេចតេជោ។

ឯកឧត្តម ឃួង ស្រេង បន្តថា ការលើកឡើងនូវពាក្យមួយថា កុំឲ្យរំលឹកពីការឈឺចាប់ គឺវា​នាំ​ឲ្យយើងឈឺចាប់ជាថ្មីម្ដងទៀត តែសម្រាប់ការរំលឹកថ្ងៃ ៧មករា ឆ្នាំ១៩៧៩ យើងត្រូវ​តែ​រំលឹក ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗ បានដឹងពីការឈឺចាប់ដែលប្រជាពលរដ្ឋកម្ពុជា បាន​ទទួលរងទុក្ខសោកដោយការកាប់សម្លាប់ ជាតិសាសន៍ឯង ជាង ៣លាន​នាក់ ហើយ​ការ​រំលឹក​នេះ គឺដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្នុងការ​ថែរក្សា​សន្តិភាព ជៀសវាងធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ចូលក្នុងភ្នក់ភ្លើង​សង្គ្រាម​ជាថ្មីម្តងទៀត​​៕

អត្ថបទដែលជាប់ទាក់ទង