ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ១៨គីឡូក្រាម ត្រូវបានមន្រ្តីសាខា ក.ប.ប. ខេត្តពោធិ៍សាត់ រកឃើញ នៅផ្សារបឹងខ្នារ

ខេត្តពោធិ៍សាត់៖ ថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តពោធិ៍សាត់ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បន្តចុះត្រួតពិនិត្យទំនិញ ជាពិសេសគ្រឿងឧបភោគ បរិភោគ នៅតាមទីផ្សារ និងផ្ទះលក់ទំនិញ នៅផ្សារបឹងខ្នារ តាមបណ្តាផ្លូវជាតិលេខ៥ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិត ផល។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។
ជាលទ្ធផលមន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖
– ភេសជ្ជៈកំប៉ុង ២៤កំប៉ុង ស្មើ ៨គីឡូក្រាម
– ភេសជ្ជៈដប ២៤ ដប ស្មើ ១០គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ១៨ គីឡូក្រាម។
បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។
ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕ អរគុណសន្តិភាព





