ដើមឈឺធំៗ៣ដើម នៅលើសួនកាណាឌីយ៉ាដែលគ្រោងកាប់យកចេញ អភិបាលរាជធានី មិនអនុញ្ញាតឲ្យកាប់យកចេញទេ មានតែដាំថ្មីបន្ថែម

ភ្នំពេញ៖ ដើមឈឺធំៗចំនួន ៣ដើមក្នុងចំណោមដើមឈើប្រមាណ៥០ដើមនៅលើសួនកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេញ ក្រោមការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសម្រេចឱ្យយកាប់យកចេញហើយដាំជំនួសថ្មីនោះ មកដល់ពេលនេះ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញសម្រេចថា{មិនឱ្យកាប់យកចេញនោះទេ} មានតែការដាំថ្មីបន្ថែម។

ការសម្រេចបែបនេះបានធ្វើឡើងខណៈដែលឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះជាក់ស្តែងនៅសួនច្បារកាណាឌីយ៉ាក្នុងខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។

ក្នុងដំណើរនៃការចុះពិនិត្យដើមឈើនេះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា៖ ដើមឈើទាំងបីដើមនេះ មិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន តែឯកឧត្តមបាន បញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី មន្ទីរកសិកម្មរាជធានី និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការគ្នាមើលថែដោយធ្វើបានត្រឹមតែលះមែក ឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំឱ្យរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់យ៉ាងច្បាស់ថា៖ នៅរាជធានីភ្នំពេញ គ្មានការកាប់ដើមឈើយកចេញទេ មានតែការដាំថ្មីបន្ថែម ដើម្បីអោយទីក្រុងក្លាយជាទីក្រុងមានពណ៏បៃតង មានបរិស្ថានល្អ។
គួរបញ្ជាក់ថា៖ កន្លងទៅនេះលោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃ០៨ ខែមករា ថា៖ ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួង មានចំនួនប្រមាណ ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនោះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសំរេចកាប់យកចេញចំនួន ៣ដើម ហើយឱ្យដាំដើមឈើថ្មីជំនួសវិញ ដោយសារតែដើមឈើទាំង៣ដើមនេះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ ក៏ប៉ុន្តែមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ខណៈដែលឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះ ជាក់ស្តែងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្រេចជាថ្មីថា មិនឱ្យកាប់យកចេញ ចំពោះដើមឈើទាំងបីដើមនេះជាដាច់ខាត មានតែការដាំថ្មីបន្ថែម ៕




