Detail Top Banner

លទ្ធផលនៃការអនុវត្តច្បាប់របស់ក្រសួងបរិស្ថានក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ ឆ្នាំ២០២០

«ក្រសួងបរិស្ថានបង្ហាញនូវមោទកភាពចំពោះមន្ត្រីឧទ្យានុរក្ស សមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិនិងអង្គការដៃគូទាំងអស់ដែល បានចូលរួមការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងឆ្នាំ២០២០ កន្លងមកនេះជាពិសេសក្នុងការអនុវត្តច្បាប់ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានបទល្មើសដែលបង្ក្រាប បាននៅឆ្នាំ២០២០ មានកំណើនចំនួន ៣៤៤២ករណី ឬកើនឡើងប្រមាណ ៣០%»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កន្លងទៅដោយបានបង្ហាញពីប្រសិទ្ធភាពកាន់តែខ្ពស់នៃការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសក្នុង តំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះទាំង ៦៨កន្លែង ដែលស្ថិតនៅក្រោមការការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានឱ្យដឹងថា នៅពេញមួយឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទាំង ១២០០នាក់ នៃក្រសួងបរិស្ថានបានចុះល្បាតសរុបចំនួន ២៧ ៥៨៨លើក ខណៈនៅការចុះល្បាតនៅឆ្នាំ២០១៩ មានចំនួន ២៤ ០៤៨លើក ពោលគឺមានការចុះល្បាតមានការកើនឡើងចំនួន ៣ ៥៤០​លើក។ ក្នុងការចុះល្បាតនេះ មន្ត្រីឧទ្យានុរក្សដែលជាមន្ត្រីនគរបាល យុត្តិធម៌បានបង្ក្រាបបទល្មើសបានចំនួន ៨ ៩១៧ករណី ខណៈឆ្នាំ២០១៩ បង្ក្រាបបាននូវបទល្មើសធនធានធម្មជាតិចំនួន ៥ ៤៧៥ករណី គឺមានការកើនឡើងចំនួន ៣ ៤៤២ករណី។ តាមការបញ្ជាក់ របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បទល្មើសដែលបង្ក្រាបបានភាគច្រើន ជាបទល្មើសលួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «ការបង្ក្រាបនិងទប់ស្កាត់បទល្មើសមានការកើនឡើង បានបង្ហាញពីការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងបង្ហាញពីការខិតខំរបស់មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធដោយមិនខ្លាចនឿយហត់ក្នុងការចុះល្បាតការពារព្រៃឈើនិងជីវៈចម្រុះ»។ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានថ្លែងថា នៅឆ្នាំ ២០២០ កន្លងទៅ សំណុំរឿងបទល្មើសធនធានធម្មជាតិដែលត្រូវបានបញ្ជូនទៅកាន់តុលាការមានចំនួន ៦០៥ករណី ហើយនៅឆ្នាំ២០២០ មានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសចំនួន ៨៥៧ ករណី និងបទល្មើសដែលត្រូវធ្វើការអប់រំនិងធ្វើកិច្ចសន្យាមានចំនួន ២៩៤៦ ករណី។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ក្នុងប្រតិបត្តិការចុះល្បាតនិងបង្ក្រាបបទល្មើស នៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានរឹបអូសរណាយន្តបានចំនួន ៤ ០០៤​គ្រឿង គឺមានការកើនឡើងប្រមាណ ៥០០គ្រឿង ខណៈនៅឆ្នាំ២០១៩ រណាយន្តដែលត្រូវបានរឹបអូសមានចំនួន ៣ ៤៩៤ គ្រឿង។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ចំណែកអន្ទាក់ដែលត្រូវបាន ដោះបានចេញពីតំបន់ការពារធម្មជាតិក្នុងឆ្នាំ ២០២០ មានចំនួន ៤៣.២៧០អន្ទាក់ គឺមានការកើនឡើងជិត ៤០០០អន្ទាក់ ខណៈនៅឆ្នាំ២០១៩ កន្លងទៅ អន្ទាក់ដែលត្រូវបានមន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិដោះបានចំនួន ៣៩ ៣៨២អន្ទាក់។ នៅឆ្នាំ២០២០កន្លងទៅ រថយន្តចំនួន ២១៥គ្រឿងដែលប្រព្រឹត្តបទល្មើសត្រូវបានរឹបអូស និងគោយន្តចំនួន ៦១១គ្រឿង ព្រមទាំងម៉ូតូចំនួន ៥៩០គ្រឿងត្រូវបានដកហូតផងដែរ ។ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃដែលប្រើសម្រាប់បរបាញ់សត្វបានចំនួន ៧៣៧ដើម និងដកហូតឈើបានចំនួន ២៧១៨ម៉ែត្រគូប។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ជាមួយប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ បទល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺនៅមានបទល្មើលព្រៃឈើខ្នាតតូចដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងបន្តសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូបន្តអប់រំផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបន្តទៀតដើម្បីថែរក្សា និងការពារធនធានធម្មជាតិដែលកម្ពុជានៅមាននេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»៕
អត្ថបទដែលជាប់ទាក់ទង