អភិបាលខេត្តតាកែវ អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជួបសំណេះសំណាល និងប្រគល់ម៉ាស៊ីនលាងដៃអូតូម៉ាទិកចំនួន ១០៣គ្រឿង ដើម្បីដាក់នៅតាមសាលារៀនទូទាំងខេត្ត

ខេត្តតាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអនុញ្ញាតដល់តំណាង ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីចូលជួបសំណេះសំណាល និងប្រគល់សម្ភារៈម៉ាស៊ីនលាងដៃអូតូម៉ាទិក ចំនួន ១០៣គ្រឿង ដើម្បីទុកធ្វើការបែងចែកទៅតាមសាលារៀននៅទូទាំងខេត្ត ដែលជាផ្នែកមួយសម្រាប់ ការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យកើតមានឡើងនៅក្នុងសហគមន៍។

មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការជម្រាបជូនដែរថា នៅខេត្តតាកែវ មានអ្នកសង្ស័យជំងឺកូវីដ-១៩ ចំនួន១៨៨នាក់ ដែល១៨០នាក់ បានវិលត្រលប់មកពីប្រទេសថៃ និង៨នាក់វិលត្រលប់មកពីប្រទេសវៀតណាម ហើយដែលត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក្តនៅកន្លែងដែលអាជ្ញាធរបានរៀបចំ និងមួយចំនួនបានធ្វើចត្តាឡីសក្តិនៅផ្ទះ រហូតមកដល់ពេលនេះក្នុងចំណោមពួកគេទាំងអស់នោះមានមនុស្សចំនួន ១៣៨នាក់ ហើយត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក្តទាំងស្រុង និងបានយកសំណាកពួកគេចំនួន ២ដង ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លទ្ធផលគឺ អវិជ្ជមានទាំងអស់។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្ថែមថា ចំពោះបញ្ហាការទប់ស្កាត់ និងបង្ការ នូវជំងឺកូវីដ-១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ពិនប្រសប់ប្រកបដោយកិត្តិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់ៗ ជាច្រើន ដើម្បីចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យមានឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ នៅក្នុងសហគមន៍របស់យើងទាំងអស់ ជាពិសេស សម្ដេចតេជោ បានទប់ទល់ និងគ្រប់គ្រងស្ថានការ ព្រឹត្តិការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍ ២៨វិច្ឆិកា កាលពីឆ្នាំ២០២០ បានទាន់ពេលវេលា ដែលបានបិទបញ្ចប់នាពេលថ្មីៗនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ជំនួសឱ្យសិស្សានុសិស្ស ក៏សូមធ្វើការថ្លែងអំណរគុណដល់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានផ្ដល់ជូននូវម៉ាស៊ីនលាងដៃទំនើប ដើម្បីទុកដាក់នៅតាមសាលារៀន នៅក្នុងខេត្តតាកែវ គឺបានចូលរួមចំណែកមួយយ៉ាងសំខាន់ នៅក្នុងចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃឆ្លងរាតត្បាតនូវជំងឺកូវីដ-១៩នេះ កុំឱ្យកើតមានឡើងនៅក្នុងសហគមន៍៕ ប្រភព៖ រដ្ឋបាលខេត្ត





