អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះត្រួតពិនិត្យការងារប្រចាំខែនៅក្នុងរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំនៅតាមទីតាំងជាក់ស្តែងនៃការងារដើម្បីតាមដានការអនុវត្តការងារផ្សេងៗនាពេលកន្លងមក ព្រមទាំងផ្តល់យោបល់បច្ចេកទេសនិងដំណោះស្រាយនានាសម្រាប់កិច្ចការទាំងនោះ។
ក្នុងដំណើរការត្រួតពិនិត្យការងារនេះ អង្គប្រជុំបានចុះពិនិត្យទីតាំងមួយចំនួនដែលចាំបាច់ត្រូវកែសម្រួលប្រព័ន្ធរំដោះទឹក លើកកម្ពស់សោភ័ណភាពទូទៅក្នុងតំបន់ប្រាសាទ ក៏ដូចជាបង្កើនគុណភាពសេវាកម្មទេសចរណ៍រមណីយដ្ឋានអង្គរក្រោយជំងឺកូវីដ-១៩។
ជាចុងបញ្ចប់នៃដំណើរត្រួតពិនិត្យប្រចាំខែមករានេះ ឯកឧត្តមអគ្គនាយក និងអ្នកជំនាញគ្រប់នាយកដ្ឋាន ក៏បានចុះទៅពិនិត្យសំណង់អាគារសាលាបារាំងចុងបូព៌ាដែលមានអាយុជាង១០០ឆ្នាំមកហើយនៅខាងលិចប្រាសាទបាយ័ន្តដើម្បីពិនិត្យពីស្ថានភាពសំណង់និងឱ្យរៀបចំជួសជុលអាគារនេះឡើងវិញ សម្រាប់ទុកជាកន្លែងរក្សាទុកនូវបុរាណវត្ថុផ្សេងៗ ព្រោះកន្លែងនេះក៏ជាទីតាំងរក្សាទុកនិងជួសជុលបុរាណវត្ថុពីសម័យបារាំងមកដែរ៕









