អ្នកបន្ទោរបង់តាមសួនច្បារ និងទីសាធារណៈ ត្រូវអភិបាលខណ្ឌដូនពេញ ចាប់ឲ្យបាញ់លាងសំអាតកន្លែងពួកគាត់បន្ទោរបង់រួច ទើបឲ្យត្រឡប់ទៅវិញ
ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញនៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ បន្តចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន១៣នាក់ បានឈប់យាន្តជំនិះរបស់ខ្លួន ហើយទៅបន្ទោរបង់នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ និងបង្កឲ្យមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខណ្ឌដូនពេញ។
ភ្លាមៗនោះ កម្លាំងប្រជាការពារខណ្ឌ ក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោរបង់រួច ទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញ។
ចុងក្រោយរដ្ឋបាលខណ្ឌ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំយកគំរូតាមពួកគាត់ និងសូមរកកន្លែង បន្ទោបង់អោយបានត្រឹមត្រូវនៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ សូមអរគុណ៕