សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធ ដោយមានការចូលរួមពីអគ្គទេសាភិបាលធនាគារជាតិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា កិច្ចប្រជុំក្នុងថ្ងៃនេះគឺជាការជួបប្រជុំលើកដំបូងនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីជាការអនុវត្តច្បាប់ពាក់ព័ន្ធនឹងបញ្ហានេះ ហើយមានសម្ដេចផ្ទាល់ជាប្រធាន ព្រោះដោយសារតែក្រសួងមហាផ្ទៃ ជាប់ទាក់ទងនឹងការអនុវត្តច្បាប់ការប្រឆាំងបទល្មើសពាក់ព័ន្ធ។ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានរួមគ្នារៀបចំការងារ ជាពិសេសការរៀបចំបង្កើតឲ្យមានលិខិតបទដ្ឋានគតិយុត្តបានទាន់ពេលវេលា ដោយស្របតាមបរិបទជាក់ស្ដែង ជាពិសេសការរៀបច្បាប់ថ្មីស្ដីពីការប្រឆាំងការសម្អាតប្រាក់។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គ.ស.ហ បានលើកឡើងពីប្រវត្តិនៃគណៈកម្មាធិការនេះថា គ.ស.ហ ត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ២០១៧ ដើម្បីជាយន្តការសម្រាប់សម្របសម្រួល រៀបចំយុទ្ធសាស្ត្រលើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយមានតំណាងពីស្ថាប័នពាក់ព័ន្ធ ហើយកន្លងមកទទួលបាននូវលទ្ធផលដ៏គួរឲ្យកត់សម្គាល់ជាច្រើន។
លោកជំទាវ សាយ សំអាត អគ្គលេខាធិការ នៃអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជានៃធនាគារជាតិនៃកម្ពុជា (ស.ហ.ក) និងជាលេខាធិការនៃគណៈកម្មាធិការ គ.ស.ហ បានរាយការណ៍ពីលទ្ធផលបឋមនៃរបាយការណ៍វឌ្ឍនភាពលើផែនការសកម្មភាពរបស់កម្ពុជាលើកទី៥។ ជាមួយគ្នានោះដែរ ក្រុមការងារអន្តរក្រសួងក៏បានរៀបចំផ្ញើរបាយការណ៍ធាតុចូលទៅស.ហ.ក និងបានបញ្ជូនទៅក្រុមការងារត្រួតពិនិត្យរួមនៃប្រទេសអាស៊ី ប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ទៅលើលទ្ធផលស្ដីពីការបណ្ដុះបណ្ដាលមន្ត្រីការអនុវត្តច្បាប់ក្នុងវិស័យព្រហ្មទណ្ឌផងដែរ។ ក្នុងកិច្ចប្រជុំពិភាក្សាលើកទី៥ នេះដែរ កម្ពុជាក៏បានបង្ហាញពីស្ថិតិ វគ្គបណ្ដុះបណ្ដាល និងលទ្ធផលទទួលបាននានា។

ជាការឆ្លើយតប សម្ដេចក្រឡហោម ស ខេង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ ហើយសម្ដេចបានអំពាវនាវដល់ភាគីពាក់ព័ន្ធត្រូវធ្វើការរួមគ្នាដើម្បីអនុវត្តការងារទៅតាមច្បាប់ដែលចូលជាធរមាន ក៏ដូចជាវិធានការនានាដែលបានដាក់ឲ្យប្រើប្រាស់ និងស្នើឲ្យអាជ្ញាធរអនុវត្តច្បាប់ ត្រូវពង្រឹង និងបន្តការខិតខំបំពេញការងារឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត៕ ដោយ នាយកដ្ឋានព័ត៌មានវិទ្យា











