ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស បានចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន តាមរយៈប្រព័ន្ឋវីដេអូ

ភ្នំពេញ៖ នាវេលាព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព្រះពុទ្ធស័ករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស បានចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន តាមរយៈប្រព័ន្ឋវីដេអូ។

កិច្ចប្រជុំបានសម្តែងការគាំទ្រចំពោះមូលបទរបស់ប្រទេសប្រ៊ុយណេ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចំរើន» និងចំណុចអាទិភាពគន្លឹះទាំងបី ដែលផ្តោតជាសំខាន់ទៅលើ ការកសាងសហគមន៍មួយប្រកបដោយភាពសុខដុមរមនា ការត្រៀមលក្ខណៈនិងសម្របខ្លួនសម្រាប់ពេលអនាគតដើម្បីធានាសុខុមាលភាពប្រជាជនអាស៊ាន និងអនាគតដែលប្រកបដោយសន្តិភាព ចីរភាព និងវិបុលភាព ក៏ដូចជា ជំរុញការស្តារឡើងវិញរបស់អាស៊ានពីជំងឺរាតត្បាតសកលកូវីដ-១៩។



